រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់
ភ្នំពេញ៖ កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំ ប្រឹង ប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់ ។ នេះជា ប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុង ពិធីបិទ សន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅសាលសន្និសីទចតុមុខ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
លោកជំទាវបណ្ឌិតសភាចារ្យ បានរំលឹកពីការកកើតប្រទេសកម្ពុជាជាមួយប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌទាំងរូបី និងអរូបីដ៏សម្បូរបែប ដែលត្រូវបានបង្កើត បន្សល់ទុក និងថែរក្សាការពារ ដោយបុព្វបុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិនិងប្រជាជន ។ លោកជំទាវបន្តថា កិច្ចការបន្តវេនថែរក្សា ការពារ និងអភិវឌ្ឍន៍ បានក្លាយជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅការការពារអត្តសញ្ញាណជាតិមួយមុខនោះទេ ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់និងដោយប្រយោលដល់កំណើនសេដ្ឋកិច្ច និងទ្រទ្រង់ជីវភាព ប្រជាជន តាមរយៈការកសាងជំនាញបន្តវេន បង្កបង្កើតការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្ម វប្បធម៌ ។
លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចការអភិរក្ស ការពារ និងអភិវឌ្ឍសិល្បៈវប្បធម៌ ជាការងារគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំ ប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់ ។ លោកជំទាវ មានជំនឿថា កិច្ចសហការប្រមូលផ្តុំកម្លាំងរួមមួយ រវាងគ្រប់អង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុត ដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក ។ កិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា នឹងមិនត្រឹមតែដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលយើងកំពុងរៀបចំតម្រង់ទិស ទាំងយន្តការការងារ ក្របខ័ណ្ឌគតិយុត្តគាំទ្រដល់ការអនុវត្តការងារ ការកសាង ធនធានមនុស្ស ទម្រង់នៃកិច្ចសហការជាតិ-អន្តរជាតិ ភាពជិតស្និទ្ធជាមួយវិស័យឯកជន ព្រមទាំងលទ្ធផលសម្រេចបានកន្លងមក និងទៅអនាគត នឹងក្លាយជាមរតក ទុកជូនជនបន្តវេន ជាមួយក្តីសង្ឃឹម នៃការបង្កលក្ខណៈអនុគ្រោះ និងតម្រាយផ្លូវដ៏ល្អ សម្រាប់ការបន្តបុព្វហេតុការងារសម្រាប់វិស័យសិល្បៈវប្បធម៌ ។
លោកជំទាវបណ្ឌិតសភាចារ្យ បានផ្តល់ការតម្រង់ទិសបន្ថែមទៅលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ស្នើសុំថ្នាក់ដឹកនាំកម្រិតនយោបាយ រួសរាន់បញ្ចប់ឯកសារសំខាន់ៗ សម្រាប់បន្តរក្សាសកម្មភាពរបស់ក្រសួងឱ្យស្ថិតនៅគន្លងមួយត្រឹមត្រូវ រលូន និងជោគជ័យ ឱ្យបានមុនដំណាច់ខែកុម្ភៈ ។ ប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានបេតិកភណ្ឌ តាមដាន ត្រួតពិនិត្យផ្ទាល់ទៅលើសកម្មភាពជាក់ស្តែងរបស់គ្រប់មន្ទីរ និងដាក់ចេញនូវវិធានការជំរុញសកម្មភាព ដើម្បីធានាឱ្យបានថា គ្រប់បុរាណដ្ឋានដែលបានចុះបញ្ជី និងត្រៀមចុះបញ្ជី ត្រូវបានកំណត់និយាមការួចរាល់ ព្រមទាំងបញ្ជូនឱ្យបានទាន់ពេលវេលាទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីការពារបាន ពីការរំលោភបំពាន និងការបំផ្លិចបំផ្លាញ ជាពិសេស មិនរាំងស្ទះដល់យុទ្ធនាការចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ត្រូវរៀបចំឱ្យចេញជាយន្តការច្បាស់លាស់ រួមបញ្ចូលទាំងសកម្មភាពអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជំនាញដូនតា ។ អគ្គនាយកដ្ឋានបច្ចេកទេស វប្បធម៌ ចាត់ចែងសម្រេចឱ្យបាននូវសេចក្តីព្រាងគោលនយោបាយអមដោយយន្តការអនុវត្តសម្រាប់វិស័យឧស្សាហកម្មវប្បធម៌ ឬឧស្សាហកម្មច្នៃប្រឌិតឱ្យបាននៅដំណាច់ឆ្នាំ២០២៥ ព្រោះនៅកម្ពុជា វិស័យនេះ នៅក្មេងខ្ចីនៅឡើយ ។ អគ្គនាយកដ្ឋានបេតិកភណ្ឌ ត្រូវដឹកនាំសម្របសម្រួលជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយរាប់បញ្ចូលទាំងមន្ទីរទាំង២៥ រាជធានី-ខេត្ត បង្កើតឱ្យបាននូវបញ្ជីសារពើភណ្ឌរូបី រួមបញ្ចូលទាំងវត្ថុបុរាណក្នុង និងក្រៅឃ្លាំង ក្រោមទម្រង់ប្រមូលផ្តុំតែមួយ ចៀសវាងការបន្ត ស្ថិតក្នុងស្ថានភាព នៃការចុះបញ្ជីដាច់ដោយឡែកដូចបច្ចុប្បន្ន ក្នុងទិសដៅជំរុញដល់កិច្ចការអភិរក្ស គ្រប់គ្រង និងដែលអាចប្រើប្រាស់បានទាំងអស់គ្នា ព្រោះបញ្ជី និងផែនទីនេះ ពិតជាមានសារៈសំខាន់ ដែលនឹងចង្អុលបង្ហាញពីទីតាំង ប្រភព និងប្រភេទបេតិកភណ្ឌអរូបី ដែលអាចជាជំនឿ ប្រពៃណី ទំនៀមទំលាប់ ទេពកោសល្យ សិប្បកម្មប្រពៃណី ភាសា ប្រវត្តិ និងអត្តសញ្ញាណ ផ្សេងទៀតទៅតាមតំបន់ ៕
អត្ថបទ៖ វណ្ណលុក