សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជាចាប់ផ្ដើមដំណើរ​បំពេញទស្សនកិច្ចនៅឡាវ

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដល់សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ កម្ពុជា អញ្ជើញ​បំពេញទស្សនកិច្ចនៅរសៀលថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនៅថ្ងៃទី៦ ខែកុម្ភៈ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងគណៈប្រតិភូ​ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ​ក្ខន្ធនៅស្តូប​អនុស្សាវរីយ៍វីរៈ​ជនពលី ។ នៅថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារ​កិច្ចជាផ្លូវការ ពីសំណាក់​ថ្នាក់ដឹកនាំ​សភាឡាវ ។ តមក សម្ដេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋ​សភានៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅវិមានរដ្ឋសភាជាតិឡាវ ។

បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសមភាគី ប្រធានរដ្ឋសភាឡាវ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញ​ទស្សនាអគារវិមានរដ្ឋសភាជាតិឡាវ និងបានអញ្ជើញដាំដើមឈើ​ជាអនុស្សាវរីយ៍ ។

សូមជម្រាបថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចនៅប្រទេសឡាវ រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្ត​សង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈ​ទាក់ទងបរទេស​នៃ​គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ន​នីតិបញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសទស្សនកិច្ចរយៈពេលពីរនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចតេជោ ហ៊ុន សែន នឹង​មានជំនួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សនសៃ ស៊ី ផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងធ្វើជា​សហប្រធានជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំកិច្ចប្រជុំ​កំពូល​លើកទី១៥ រវាងគណបក្ស ប្រជាជនកម្ពុជានិងគណបក្ស​ប្រជាជនបដិវត្តន៍ឡាវ។

គួរបញ្ជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវនា​ពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នឹ​ងផ្តល់សន្ទុះថ្មី​ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជា​ណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ ឱ្យកាន់តែ រឹងមាំស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា​បន្ថែមទៀត ៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner