គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់នៅខេត្តរតនគិរី
រតនគិរី៖គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តរតនគិរី។
ជំនួបដែលឡើងនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានការអញ្ជើញចូលរូមពី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី ព្រមទាំងអភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញនានា។
លោកជំទាវ មាន សំអាន ប្រធាគណៈកម្មការទី៨ ព្រឹទ្ធសភា មានប្រសាសន៍ថា គោលបំណង នៃជំនួបគឺ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ព្រមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ។
នៅក្នុងឱកាសនេះ លោក ខ័ណ្ឌ ចំណាន បានជម្រាបជូនគណៈកម្មការទី៨ នៃព្រឹទ្ធសភា អំពីសកម្មភាពនានាក្នុងរយៈកាលកន្លងមករបស់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយថ្មីៗស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ គតិ យុត្ត