ប្រធានបទគន្លឹះចំនួន៧ ត្រូវលើកយកមកបង្ហាញក្នុងសន្និបាតបូកសរុបការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រារព្ធបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ ។សន្និបាតរយៈពេលពីរថ្ងៃ ថ្ងៃទី៦ និងទី៧ ខែកុម្ភៈ និងបានស្តាប់ការធ្វើបទបង្ហាញនូវប្រធានបទគន្លឹះចំនួន៧ ដែលឆ្លុះពីសកម្មភាព និងបញ្ហាសំខាន់របស់រដ្ឋបាលខេត្តពេញមួយឆ្នាំ២០២៤។
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។
បញ្ជាក់ជូនអង្គសន្និបាត ឯកឧត្តម សុខ លូ លើកឡើងថាសន្និបាតដើម្បីបូកសរុបលទ្ធផលការងារនិងដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល ព្រមទាំងរំលេចឱ្យឃើញនៅបញ្ហាប្រឈមនានានូវក្នុងការអនុវត្តតួនាទី ភារកិច្ចដែលមន្ទីរ អង្គភាពសម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមក និងរួមគ្នារកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ,ពិនិត្យបំពេញបន្ថែមកែលម្អនូវចំណុចខ្វះខាត សម្រាប់អនុវត្តការងារឱ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២៥នេះ។
ឯកឧត្តម សុខ លូ បានប្រគល់ភារកិច្ចជូនអភិបាលរងខេត្តទទួលបន្ទុកតាមវិស័យជំនាញ ឱ្យដឹកនាំកិច្ចពិភាក្សាមុន និង ត្រូវធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៧រួមមាន៖ ១. ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។២.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។៣. ការគ្រប់គ្រងដីចំណីផ្លូវ សំណង់មិនរៀបរយតាមទីប្រជុំជននិងដីចំណីប្រឡាយអូរស្ទឹងអាង ទំនប់។៤. វឌ្ឍនភាពនៃការអនុវត្តនូវគោលនយោបាយអាទិភាព ការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ ការពង្រីកសេវា ថែទាំសុខភាព និងការអនុវត្តកម្មវិធីជាតិជំនួយសង្គម។៥. ការគ្រប់គ្រងសំរាម(សំណល់រឹង-រាវ)។៦. ការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនិងទី៧. វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យអប់រំ។
ឯកឧត្តម សុខ លូ បញ្ជាក់ថា ប្រធានបទទាំង៧នេះ នឹងឆ្លុះបញ្ចាំងនូវសកម្មភាពការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.