ផ្លូវកៅស៊ូពីរខ្សែប្រវែងជាង២៥គីឡូម៉ែត្រ នឹងលេចចេញជារូបរាង​នៅស្រុក​ព្រះនេត្រព្រះ និងស្រុកស្វាយចេក

បន្ទាយមានជ័យ៖គម្រោងស្ថាបនាផ្លូវកៅស៊ូពីរខ្សែប្រវែងជាង២៥គីឡូម៉ែត្រ ក្នុង​នេះ ខ្សែទី១.ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ចាប់ពី​ផ្លូវជាតិលេខ៦ ភូមិកក់ ដល់ភូមិជ្រាប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ប្រវែងជាង១២គីឡូម៉ែត្រនិង​ខ្សែទី២.ផ្លូវកក់-ភាសត្បូង ចាប់ពីភូមិកក់ ឃុំជប់រី ស្រុកព្រះនេត្រព្រះ ដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានលើកយកមកប្រជុំផ្សព្វផ្សាយជូនប្រជាពលរដ្ឋ​នៅ​បរិវេណវ​ត្តប្រាសាទស្រះកណ្ដាលហៅវត្តខ្ចាស់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍​ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រ​និរន្តរ​ភាពហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)​,លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ហោ ញ៉េប នាយករងរដ្ឋបាលខេត្ត និងតំណាងស្រុក ឃុំ ភូមិ មន្ត្រី​នៃអង្គភាព​គ្រប់គ្រងគម្រោង និងទីប្រឹក្សាគម្រោង តំណាងក្រុមហ៊ុនសាងសង់ (SP1)បាន​ចូលរួមក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះដែរ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបញ្ជាក់ថា គម្រោងផ្លូវពីរ​ខ្សែនេះ នឹងបើក ការដ្ឋាននាពេល​ដ៏ខ្លីខាង​មុខ។ចំណែកលោក ទូច ស៊ីផាត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវសូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវកុំ​ឱ្យមាន​​ដក់ទឹក ស្ទះទឹកតាមប្រឡាយ ឬចង្អូរទឹក នៅសង ខាងផ្លូវ។ជាពិសេស​សូមចូលរួមផ្តល់ដីចំណីផ្លូវ ដើម្បីសាងសង់ផ្លូវឱ្យល្អ មានសោភណភាព និងប្រើ​ប្រាស់ជាសម្បត្តិ​សាធារណៈ៕
ដោយ៖ឃិន គន្ធា

ads banner