ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល”

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល” ជូនដល់អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក.ប.ទ. សហការជាមួយដៃគូអន្តរជាតិ ESCAP-APCICT រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងឱ្យកាន់តែស៊ីជម្រៅអំពី៖

  • ការរៀបចំ ការពិនិត្យគុណភាពទិន្នន័យ កំណត់អត្តសញ្ញាណ ការការពារ ការគ្រប់គ្រងសុវត្ថិភាព និងការតភ្ជាប់ទិន្នន័យក្នុងស្ថាប័នសាធារណៈនិងឯកជន
  • ការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនៃអភិបាលកិច្ចទិន្នន័យ
  • ការប្រើប្រាស់អភិបាលកិច្ចទិន្នន័យទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឧស្សាហកម្មនៅក្នុងបរិវត្តកម្មឌីជីថល
  • គោលការណ៍ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហអន្តរជាតិ និងបណ្ដាប្រទេសនានា។

ទន្ទឹមនេះ តាមរយៈការសិក្សាលើក្របខណ្ឌគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ អន្តរជាតិ និងបណ្ដាប្រទេសនានា គឺជាការប្រមូលធាតុចូលយ៉ាងសំខាន់សម្រាប់ការតាក់តែងលើសេចក្តីព្រាងបឋមនៃគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ដែលកំពុងពិភាក្សាកម្រិតផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner