អ្នកធ្វើដំណើរទៅកម្សាន្តឧទ្យានជាតិគិរីរម្យ នឹងកាន់តែធូរចិត្ត បន្ទាប់ពីស្ពានបេតុងពីរកន្លែងធ្វើរួចរាល់

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ស្ពានបេតុងពីរកន្លែង ជំនួស​ស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងជួយឱ្យដំណើរកម្សាន្តឡើងគិរីរម្យកាន់តែប្រសើរ។បើគ្មានការប្រែប្រួល​ទេ ស្ពាន​បេតុងពីរ​កន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យាន​ជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជា​ពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ” នៅថ្ងៃទី១៥-១៦ ខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ។

អមដោយរូបភាពជាច្រើនសន្លឹក ប្រភពដដែលបញ្ជាក់ថា គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រត្រង់គ.ម១៤+​១០០​(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់៩៦ភាគរយហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់​នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner