ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨”នឹងប្រារព្ធនៅខេត្តសៀមរាប
ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនឹងរៀបចំ”ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨”ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ។កាលពីឆ្នាំ២០២៤នៅខេត្តសៀមរាបដដែល ក្រសួងពាណិជ្ជកម្មបានទទួលជោគជ័យខ្លាំងក្នុងការរៀបចំ”ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ “នាខែកុម្ភៈដូចគ្នា។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-34-52-1-724x1024.jpg)
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង៖ ១-ជំរុញផលិតកម្មក្នុងស្រុក,២-បន្តគាំទ្រផលិតផលខ្មែរ ,៣-អភិវឌ្ឍន៍វិស័យឯកជន និង៤-បង្កើតវេទិកាផ្គូផ្គងពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា ស្របតាមផែនការសកម្មភាពការងាររបស់ក្រសួងពាណិជ្ជកម្ម និងស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋានអ្នកដាំដុះបន្លែផ្លែឈើ ចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ដើម្បីឈានទៅការចុះកិច្ចសន្យាទិញ-លក់ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-33-16-1024x457.jpg)
ប្រភពដដែលបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួម សូម ធ្វើការទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅជាន់ទីពីរ ទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានអាសយដ្ឋាន៖ដីឡូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមទូរសព្ទលេខ៖ ០៧៧ ៣៣ ២២ ៣៣ ឬ ០១៧ ៧៥ ៩៥,៦៧ ឬមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបតាមទូរស័ព្ទលេខ០១២ ៥៥០ ៦៣៥ ឬបំពេញបែបបទតាមអនឡាញ តាមរយៈតំណរភ្ជាប់ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-33-21.jpg)
គួររំលឹកថា ឆ្នាំ២០២៤ កន្លងទៅក្រសួងពាណិជ្ជកម្មបានរៀបចំ”ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧” រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់២៥ ខែកុម្ភៈ នៅខេត្តសៀមរាប ។ព្រឹត្តិការណ៍នេះបានទទួលជោគជ័យ ខ្លាំងដោយមានអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ ម្ចាស់កសិដ្ឋាន អង្គការ សមាគមអាជីវកម្ម និងសហគមន៍ផលិតបន្លែផ្លែឈើខ្មែរក្នុងខេត្តសៀមរាប និងមកពីរាជធានី-ខេត្ត ចំនួន១៦ បាននាំយកផលិតផល កសិផលមកចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មនាឱកាសនេះ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-33-24-1024x682.jpg)
ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ទទួលការចូលដាក់តាំងបង្ហាញនូវបន្លែផ្លែឈើស្រស់ ដំណាប់ ផ្លែឈើក្រៀម គ្រាប់ធញ្ញជាតិចម្រុះ អង្គរ ស្វាយចន្ទី ម្រេច ដំឡូងមី ម្ហូបអាហារកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលធ្វើពីសូត្រជាដើម ដែលមានក្រុមហ៊ុន សហគ្រាសចូលរួមចំនួន១១៣ និងមានស្តង់ពិព័រណ៍សរុបចំនួន ១២៥ស្តង់៕
ដោយ៖ម៉ាដេប៉ូ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_16-33-13-1.jpg)