អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងអ្នក​ជំនាញ​ឥណ្ឌាកំពុងជួសជុលរោងទងទី៣ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរា​តាមរយៈកិច្ចសហការជាមួយ​ស្ថាប័នស្រាវ​ជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)កំពុងធ្វើការជួស​ជុល​នៅរោងទងទី៣ ផ្នែកខាងលិចនៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធនៃ​រោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ទាមទារ​ឱ្យមានការជួសជុល។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។

អមដោយរូបភាពជាច្រើនសន្លឹកប្រភពដដែល បានស្រង់សម្ដីលោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម​នៃភាគីឥណ្ឌាមកបញ្ជាក់​ថា ក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ។
អ្នកជំនាញដដែលបន្តថា ជាជំហានដំបូងក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះនៃសំណង់​ប្រាសាទ ចុះបញ្ជីថ្មដែលនៅរាយប៉ាយ រុះរើនៅទីតាំងដែលបាក់បែក បានរកឃើញទីតាំងដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្មដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ។

សូមជម្រាបថា ប្រាសាទតាព្រហ្មស្ថិតនៅខេត្តសៀមរាប ។ ប្រាសាទនេះមានទីតាំងស្ថិតនៅវង់តូច ទៅតាមផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទ​តាកែវ​ប្រហែល១គីឡូម៉ែត្រ ហើយមានកំពែងជាប់នឹងកំពែងប្រាសាទបន្ទាយក្តីប៉ែកពាយ័ព្យ ។
ប្រាសាទតាព្រហ្មកសាងឡើងក្នុងឆ្នាំ១១៨៦ ដោយព្រះបាទ ជ័យវរ្ម័នទី៧ គោរពដល់ព្រះពុទ្ធសាសនាមហាយាន ហើយ​បើតាមសិលាចារឹកនៃប្រាសាទនេះ គឺដើម្បីឧទ្ទិសដល់គុណព្រះមាតារបស់ព្រះអង្គ ៕
ដោយ៖មុនី
រូបថត៖អាជ្ញាធរជាតិអប្សរា

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner