អ្នកវិភាគ ៖ ពន្ធគយចិននឹងទាញទម្លាក់ការនាំចេញប្រេងឆៅអាមេរិកក្នុងឆ្នាំ ២០២៥
វ៉ាស៊ីនតោន ៖ យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងចិន អាចជំរុញឱ្យការនាំចេញប្រេងឆៅរបស់ទីក្រុងវ៉ាស៊ីនតោនធ្លាក់ចុះនៅឆ្នាំ ២០២៥ជាលើកដំបូង។
លោក Rohit Rathod អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុនតាមដានកប៉ាល់ Vortex បាននិយាយថាលោករំពឹងថា ការនាំចេញប្រេងសរុបរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះមកនៅត្រឹម ៣.៦លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៥នេះ ពោលគឺធ្លាក់ចុះពី ៣.៨លានបារ៉ែលក្នុងឆ្នាំ២០២៤ ខណៈដែលពន្ធគយរបស់ចិនបានរឹតត្បិតលើការនាំប្រេងរបស់សហរដ្ឋអាមេរិក។
ទស្សនវិស័យនោះ បានឆ្លុះបញ្ចាំងពីផលវិបាកដែលមិននឹកស្មានដល់ នៃគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានអ្នកវិភាគមើលឃើញថា កំពុងប្រឆាំងនឹងការបង្កើនផលិតកម្មប្រេង និងឧស្ម័នរបស់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់។
សហរដ្ឋអាមេរិកបានក្លាយជាអ្នកនាំចេញធំជាងគេទី៣ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ចាប់តាំងពីខ្លួនបានលុបចោលការហាមឃាត់សហព័ន្ធរយៈពេល ៤០ឆ្នាំលើការនាំចេញប្រេងក្នុងស្រុកនៅក្នុងឆ្នាំ ២០១៥។
ប្រទេសចិនប្រើប្រាស់ប្រេងឆៅអាមេរិកប្រហែល ១៦៦,០០០ធុងជារៀងរាល់ថ្ងៃ ពោលគឺប្រហែល ៥% នៃទំនិញនាំចេញរបស់សហរដ្ឋអាមេរិកទាំងអស់។ ប៉ុន្តែរបស់ខ្លះអាចនឹងជាប់គាំងនៅអាមេរិក ឬត្រូវបង្វែរទៅទីផ្សារប្រទេសផ្សេងទៀត បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសពន្ធសងសឹកក្នុងសប្តាហ៍នេះ៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា