ថ្ងៃអាទិត្យនេះ អ្នកស្រុកប្រាសាទបាគង ប្រារព្ធពិធីចាប់ត្រីរួមសម្រាប់​ធ្វើពិធីបុណ្យ​ឡើងមាឃ

ភ្នំពេញ៖ ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុក​ប្រាសាទបាគង ដែលជាទំនៀមទម្លាប់​មួយតាំង​ពីបុរាណ​មក នឹង​រៀប​ចំ​ឡើងនៅថ្ងៃអាទិត្យទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦កន្លះព្រឹក ស្ថិតក្នុងបឹងបឹងបង្កោង ភូមិបង្កោង ឃុំអំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

យោងតាមគេហទំព័រក្រសួងទេសចរណ៍បានអធិប្បាយថា រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែល​សម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយ​ត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ជាក់ស្តែងជារៀងរាល់ឆ្នាំ ក្រោយពេល​ប្រមូលផល​ស្រូវរួចរាល់ ឱ្យតែមក​ដល់​ខែមាឃ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប តែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជា​លក្ខណៈ​សហគមន៍ គឺសម្រាប់តែសមាជិកក្នុង​ភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំ​ពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងធំមួយដែលជាត្រពាំងបុរាណ មានទឹក​ខួបប្រាំងខួបវស្សា អ្នកភូមិបានអភិរក្សទុក ការពារ​មិនអនុញ្ញាតឱ្យ​នរណា​ម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមាន​ការសម្រេចគ្នាពីគណៈ​កម្មការ​រៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទ​បុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាននោះ មួយផ្នែកទុក​រួមសម្រាប់ធ្វើម្ហូបជាលក្ខណៈ​គ្រួសារ​រៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់​ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃ​ធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិតាមទំនៀម​បុរាណមិនដែលខកខាន៕
ដោយ៖ មុនី
រូបថត៖ក្រសួងទេសចរណ៍

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner