បង្ក្រាបចោរឆក់ទូរស័ព្ទ មានទាំងជួញដូរ និងរក្សាទុកថ្នាំញៀន ចំនួន៦នាក់ នៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ ចោរឆក់ទូរស័ព្ទម្នាក់ និង៥នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធការជួញដូរ និងរក្សាទុកគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងជាបន្តបន្ទាប់ ក្នុង៤ករណីផ្សេងគ្នា ដោយដកហូតបានថ្នាំញៀន ចំនួន១៣កញ្ចប់ ម៉ូតូ១គ្រឿង ទូរស័ព្ទ៣គ្រឿង និងថង់សម្រាប់វិចខ្ចប់មួយចំនួន។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ ឲ្យបានដឹងនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ទោ អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ក្នុងករណីទី១ ដែលកម្លាំងរបស់តាមបង្ក្រាបបាននោះមានឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១ សង្កាត់ច្រាំចំរេះទី១ និងមានសារធាតុញៀន បន្ទាប់ពីរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពាក់ផ្លាកលេខ ភ្នំពេញ 1Z-3125 ពណ៌ខ្មៅ មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះឈ្មោះ ប្រុស ស្រីនិន អាយុុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡ៍ឥដ្ឋ ស្នាក់នៅក្នុងសិប្បកម្មឡ៍ឥដ្ឋ ក្រុមទី៣ ភូមិបឹងឈូកសង្កាត់ គីឡូម៉ែត្រលេខ៦ ក្បែរកន្លែងកើតហេតុនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោ អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងទៀតថា ករណីទី២ គឺកម្លាំងរបស់លោកបានតាមស្រាវបង្ក្រាបជនសង្ស័យម្នាក់ទៀតពីបទជួញដូរថ្នាំញៀនមានឈ្មោះ ស៊ុន សេរីពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ដោយប្រតិបត្តិនេះ ដកហូតបានថ្នាំញៀន ចំនួន៩កញ្ចប់ និងទូរស័ព្ទ២គ្រឿង ស្ថិតនៅចំណុចក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នាវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌបានបញ្ជាក់ថា ករណីទី៣ គឺរក្សាទុកថ្នាំញៀន ដោយក្នុងប្រតិបត្តិការនេះ កម្លាំងរបស់លោកបានតាមស៉ើបអង្កេតរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដកហូតបានក្រាមសថ្លាជាថ្នាំញៀន ចំនួន២កញ្ចប់ ស្ថិតនៅចំណុចក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក នាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ ជនសង្ស័យទី១-ឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិស្វាយបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទី២-ឈ្មោះ ទូច ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិលិច សង្កាត់ព្រែកព្នៅ ខណព្រែកព្នៅ និងទី៣-ឈ្មោះ ឡង ធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌបានបញ្ជាក់ទៀតថា ករណីទី៤ គឺជាលទ្ធផលនៃការស្រាវជ្រាវបង្ក្រាបការជួញដូរថ្នាំញៀន ដោយក្នុងប្រតិបត្តិការនោះ ដកហូតបានថ្នាំញៀន ចំនួន២កញ្ចប់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខន សុខា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតនៅត្រង់ចំណុចក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នាវេលាម៉ោង១១៖៣០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ក្រោយបង្ក្រាបពួកគេជាជនសង្ស័យម្នាក់ ជាចោរឆក់ទូរស័ព្ទ និង៥នាក់ផ្សេងទៀត ពាក់ព័ន្ធជួញដូរ និងរក្សាទុកថ្នាំញៀន សរុបចំនួន៦នាក់ និងវត្ថុតាងទាំងឡាយ ត្រូវបានបញ្ជូនមកឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ ដោយ ហាស់ កំសាន្ដ