ត្រាំ៖ Musk នឹងជួយរកឲ្យឃើញ ការក្លែងបន្លំរាប់រយពាន់លាន
បរទេស ៖ លោក Trump បាន និយាយថា លោក Musk នឹងជួយរកឱ្យឃើញនូវលុយ «រាប់រយពាន់លាន» នៅក្នុងការក្លែងបន្លំ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កន្លងមក។
លោក ប្រធានាធិបតី Donald Trump បាននិយាយ នៅក្នុងបទសម្ភាសន៍ របស់ Fox News ដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា Elon Musk ដែលកំពុងធ្វើជាប្រធាន ក្នុងការបោសសំអាតការងារ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយស្វែងរក «រាប់រយពាន់លានដុល្លារ នៃការក្លែងបន្លំ» នៅក្នុងទីភ្នាក់ងារនានា របស់សហព័ន្ធ។
លោក Trump បាននិយាយថា ប្រជាជនអាមេរិក «ចង់ឱ្យខ្ញុំស្វែងរក» កាកសំណល់ ហើយថា Musk ដែលជាបុរសមានជាងគេបំផុត របស់ពិភពលោក និងជាមេដឹកនាំ នៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយ របស់ប្រធានាធិបតី គឺជា «ជំនួយការដ៏ល្អ» ក្នុងការលុបបំបាត់ការចំណាយ ដែលមិនចាំបាច់។
លោក Trump បាននិយាយថា «យើងនឹងស្វែងរកការក្លែងបន្លំ និងការរំលោភបំពាន រាប់ពាន់លានដុល្លារ ឬ អាចដល់រាប់រយពាន់លានដុល្លារ»។
ត្រឹមតែសប្តាហ៍ទី៣ ក្នុងនាមជាប្រធានាធិបតី លោក Trump បានបញ្ចេញនូវបទបញ្ជាប្រតិបត្តិ ដែលមានគោលបំណងកាត់បន្ថយការចំណាយរបស់សហព័ន្ធ។ លោកបានតែងតាំងមេធំ ក្រុមហ៊ុន SpaceX និង Tesla លោក Musk ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់សហព័ន្ធក្រោមអ្វីដែលគេហៅថានាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ឬ DOGE ។
ជាក់ស្តែង លោក Musk បានចាត់វិធានការរួចហើយ រួមទាំង ការផ្អាកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដោយបញ្ឈប់បុគ្គលិក រាប់ពាន់នាក់។
លោក Trump បាននិយាយថា «បន្ទាប់មក ខ្ញុំនឹងទៅខាងយោធាវិញម្តង» ដោយលោកបានរំលឹក ពីការអំពាវនាវរបស់លោក ឱ្យពិនិត្យឡើងវិញ នូវការចំណាយ នៅមន្ទីរប៉ង់តាហ្គោន ដែលថវិកាឆ្នាំ២០២៥ ដែលមានចំនួនសរុបប្រហែល ៨៥០ពាន់លានដុល្លារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត