ជួយបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមសហគមន៍
កំពត៖ ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត លោក ស៊ឹម ហីម និងប្រជាសហគមន៍ បានបង្ហាញ
នូវទឹកចិត្តសប្បាយរីករាយ ដោយសារប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសម្របសម្រួលពីឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់ផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលនានាដើម្បីជំរុញវិស័យទេសចរណ៍នៅ
សហគមន៍ ។
អាន៖លោក ស៊ឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្នុងនាមសហគមនួ៍ដែលទទួលបាន
ការជួយបង្កើតឱកាស និងជំរុញពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ការ បានលើកឡើងថា កាដូ ដែលផ្តល់ដល់សហគមន៍នាពេលនេះ មានតម្លៃខ្លាំងណាស់ ។ជាការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតនិងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តថា គម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឱ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែមនិងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
ភ្ញៀវទេសចរមកពីខេត្តតាកែវដែលបានធ្វើដំណើរកម្សាន្ត បានបង្ហាញនូវការយល់ឃើញចំពោះការអភិវឌ្ឍនៅ សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ បើមានការជួយបន្ថែមទៀតនៅទីនេះ គឺកាន់តែល្អប្រសើរ និងកាន់តែទាក់ទាញ។
គប្បីជម្រាបជូនថា សហគមន៍នេសាទត្រពាំងសង្កែមានតួនាសំខាន់ក្នុងការអភិរក្សធនធានសមុទ្រ ពិសេសដើមកោងកាង ។គិតរហូតមកដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើមកោងកាងចំនួនជាង៣០ម៉ឺនដើមត្រូវបានដាំ ។ជាទិសដៅ សហគមន៍នឹងពង្រីកដីដាំដើមកោងកាងឱ្យបាន២១ហិកតាបន្ថែមទៀត ខណៈដែលបែចិញ្ចឹមត្រីនៅឆ្នាំ២០២៥នេះ ត្រូវពង្រីកឱ្យបានប្រមាណ៣០០បែ៕
អត្ថបទនិងរូបភាព៖ សិលា សារិន