មេដឹកនាំអ៊ីស្រាអែលសរសើរ Trump ដែលចង់បាន Gaza
បរទេស ៖ ក្រោយបញ្ចប់ទស្សនកិច្ច នៅអាមេរិក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានសរសើរសំណើ របស់ប្រធានាធិបតី Donald Trump សម្រាប់ការគ្រប់គ្រងតំបន់ Gaza និងការផ្លាស់ទីលំនៅ របស់ប្រជាជនថា ជា «បដិវត្តន៍»។
លោក Trump បានបង្កឱ្យមានការខឹងសម្បារ ជាសកល ដោយសារតែការស្នើចង់យកតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ សប្តាហ៍មុន ពោលគឺក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅកាន់សហរដ្ឋអាមេរិក។
លោក Netanyahu បានថ្លែង ទៅកាន់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា សម្ព័ន្ធមិត្តទាំងពីរ បានព្រមព្រៀងគ្នា លើគោលដៅសង្គ្រាម ដែលអូសបន្លាយ១៥ខែ រួមទាំង «ធានាឱ្យតំបន់ហ្គាហ្សា លែងបង្កការគំរាមកំហែង ដល់អ៊ីស្រាអែល ទៀតហើយ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយ ដោយសំដៅទៅលើផែនការលើ Gaza ថា «ប្រធានាធិបតី Trump មានចក្ខុវិស័យ ប្រសើរជាងមុន សម្រាប់អ៊ីស្រាអែល ដែលជាវិធីសាស្រ្ត ប្រកបដោយការច្នៃប្រឌិត និងបដិវត្តន៍»។
លោក Netanyahu បានបន្ថែមថា «គាត់មានការតាំងចិត្តយ៉ាងខ្លាំង ក្នុងការអនុវត្តវា ហើយខ្ញុំជឿថា វាបើកឱកាសជាច្រើន សម្រាប់ពួកយើង» ។
ទោះបីជាមានការរិះគន់ ពីសម្ព័ន្ធមិត្តអន្តរជាតិ និងរដ្ឋអារ៉ាប់ ជាពិសេស ក៏ដោយ លោក Trump កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយពីផែនការនេះ ម្តងទៀត ដោយនិយាយថា «តំបន់ហ្គាហ្សា ស្ទ្រីប នឹងត្រូវបានប្រគល់ឱ្យសហរដ្ឋអាមេរិក តាមរយៈអ៊ីស្រាអែល នៅពេលបញ្ចប់ការប្រយុទ្ធគ្នា»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត