លោក ត្រាំ និងមេដឹកនាំជប៉ុនព្រមព្រៀងពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច
វ៉ាស៊ីនតោន ៖ នៅក្នុងជំនួបលើកដំបូងនៅសេតវិមាននាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមព្រៀងគ្នាបង្កើនសមត្ថភាពទប់ស្កាត់ និងឆ្លើយតប ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។
លោក Ishiba បាននិយាយថា ជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីកែលម្អសមត្ថភាពរារាំង និងការឆ្លើយតបនៃសម្ព័ន្ធភាព ក៏ដូចជាដោះស្រាយបញ្ហាក្នុងតំបន់។
លោក Trump បានតបវិញថា លោកនាយករដ្ឋមន្ត្រី និងគាត់ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Ishiba និងលោក Trump ក៏បានអះអាងរួមគ្នាដែរថា ពួកលោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀត តាមរយៈក្របខ័ណ្ឌអន្តរជាតិ ដូចជា Quad Security Dialogue។
ជប៉ុន និងអាមេរិក ជាសមាជិកនៃក្រុមនេះ រួម ជាមួយ អូស្ត្រាលី និង ឥណ្ឌា។ ហើយមេដឹកនាំទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ ព្រមទាំង បាន យល់ ព្រម ធ្វើ ការ រួម គ្នា ឆ្ពោះ ទៅ រក ការ រំសាយ អាវុធ នុយក្លេអ៊ែរ ពេញលេញ របស់ កូរ៉េខាងជើង៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-10_12-54-54-1024x682.jpg)
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា