សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ប្រទេសហ្វីលីពីន

(ហ្វីលីពីន)៖ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base ក្នុងប្រទេសហ្វីលីពីន ដោយសុខសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក Ralph G. Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ហ្វីលីពីន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរនៅហ្វីលីពីន ។

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែល្អប្រសើរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញមានជំនួបទ្វេភាគីជាមួយឯកឧត្តម Ferdinand R. Marcos Jr. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាមួយចំនួន ។

ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចបវរធិបតី អញ្ជើញជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តម Francis «Chiz» G. Escudero ប្រធានព្រឹទ្ធសភា និងឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភាហ្វីលីពីន ផងដែរ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏អញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថា បើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីនផងដែរ។ កម្ពុជា និងហ្វីលីពីនមានទំនាក់ទំនងជាមួយគ្នាជិត៧០ឆ្នាំហើយ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ហ្វីលីពីននាពេលនេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner