មន្ទីរព័ត៌មានខេត្តសៀមរាប រៀបចំសិក្ខាសាលាស្ដីពីតួនាទីអ្នកសារព័ត៌មាន
សៀមរាប៖ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពីតួនាទីអ្នកសារព័ត៌មាន នៅសណ្ឋាគារខេមរាអង្គរ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អភិបាលស្រុក ក្រុងក្នុងទូទាំងខេត្ត នាយក និងអ្នកយកព័ត៌មាន នៃអង្គភាពកាសែត ទស្សនាវដ្ដី គេហទំព័រ ស្ថានីយវិទ្យុឯកជនផ្សាយផ្ទាល់ និងស្ថានីយទូរទស្សន៍ខ្សែកាបក្នុងខេត្ត សរុបចំនួន ១៧២ នាក់ ។
លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា មុននឹងរៀបចំសិក្ខាសាលានៅថ្ងៃនេះ មន្ទីរតែងតែបានធ្វើការជួបប្រជុំជាមួយអ្នកសារព័ត៌មានក្នុងខេត្តជាច្រើនលើករួចមកហើយ ដែលក្នុងកិច្ចប្រជុំនីមួយៗ មានគោលបំណងបង្កើនភាពស្និទ្ធស្នាល រវាងមន្ទីរព័ត៌មានខេត្ត ជាមួយអ្នកសារព័ត៌មាន ដែលជាដៃគូដ៏សំខាន់ក្នុងការនាំសារឲ្យសង្គមជាតិ និងសម្របសម្រួលជាលក្ខណៈគ្រួសារព័ត៌មាន ជាពិសេស គឺប្រមូល មតិយោបល់ចូលរួមគ្រប់បញ្ហា ទាំងចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន បញ្ហាប្រឈមនានា និងភាពអសកម្ម ទាំងអាជ្ញាធរពាក់ព័ន្ធ ទាំងអ្នកសារព័ត៌មានខ្លួនឯង ក្នុងការចែករំលែកនូវបទពិសោធន៍ ជុំវិញការធ្វើប្រត្តិបត្តិការណ៍កន្លងមក និងទៅថ្ងៃអនាគត ជាមួយគ្នានោះបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមណាដែលអាចដោះស្រាយបាន យើងដោះស្រាយ ធ្វើឲ្យអ្នកសារព័ត៌មានទទួលបានការជឿជាក់មួយចំនួនធំ ហើយបំពេញការងារបានល្អប្រសើរជាងពេលមុន ។
លោក លីវ សុខុន បន្តទៀតថា បច្ចុប្បន្ននេះ មន្ទីរព័ត៌មានខេត្តសៀមរាប មានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ក្នុងនោះមាន ៖ វិទ្យុFMចំនួន១ស្ថានីយ ឈ្មោះ វិទ្យុFMជាតិនគរភ្នំ ១០៣ MHz ទូរទស្សន៍ចំនួន១ស្ថានីយ ឈ្មោះទូរទស្សន៍ជាតិខេត្តសៀមរាប ផ្សាយតាមប្រព័ន្ធ Online និង ផ្សាយតាមទូរទស្សន៍ខ្សែកាបអង្គរ ១ Channel មាន Facebook Page ចំនួន៣ គឺ Page មន្ទីរព័ត៌មានខេត្តសៀមរាប Page ទូរទស្សន៍ជាតិខេត្តសៀមរាប និង Page វិទ្យុFMជាតិនគរភ្នំ និង មានគេហទំព័រចំនួន២ គឺ គេហទំព័ររបស់មន្ទីរព័ត៌មានក្នុងខេត្ត ខេត្តសៀមរាប ផ្តោតលើកម្មវិធីផ្សាយរបស់វិទ្យុ និង គេហទំព័ររបស់ទូរទស្សន៍ជាតិខេត្តសៀមរាប ហើយក្រៅពីនេះ មានស្ថានីយវិទ្យុFMឯកជនចំនួន៣៩ស្ថានីយ ក្នុងនោះស្ថានីយផ្សាយផ្ទាល់មានចំនួន២០ស្ថានីយ និងស្ថានីយផ្សាយបន្តមានចំនួន១៩ស្ថានីយ មានស្ថានីយទូរទស្សន៍មានចំនួន២៥ស្ថានីយ ក្នុងនោះស្ថានីយទូរទស្សន៍ផ្សាយបន្តពីរាជធានីភ្នំពេញ ចំនួន១៦ស្ថានីយ និងទូរទស្សន៍ខ្សែកាបមានចំនួន០៩ស្ថានីយ ព្រមទាំងមានអង្គភាពសារព័ត៌មានចំនួន៥៨អង្គភាព និង អ្នកសារព័ត៌មានចំនួន៨០នាក់ ក្នុងនោះស្រីចំនួន៣នាក់ ។
មានប្រសាសន៍បើកសិក្ខាសាលាក្នុងឱកាសនោះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលអញ្ជើញចូលរួមសិក្ខាសាលានាពេលនេះ និង គាំទ្រចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានរៀបចំសិក្ខាសាលា ស្ដីពី «តួនាទីអ្នកសារព័ត៌មាន» ដ៏មានសារៈសំខាន់នាថ្ងៃនេះ ក្នុងគោលបំណងបញ្ជ្រាបអំពីវិជ្ជាជីវៈនៃសារព័ត៌មាន ហើយក៏ចង់បង្ហាញដល់អាជ្ញាធរមានសមត្ថកិច្ច អំពីតួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាន និងដើម្បីឱ្យអ្នកសារព័ត៌មាន បានយល់ច្បាស់អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់ជាប្រទីបបំភ្លឺដល់បងប្អូនអ្នកសារព័ត៌មាន ក្នុងការបំពេញការងារទៅបានល្អប្រសើរ ។
ឯកឧត្ដម ទៀ សីហា បានបញ្ជាក់ថា ខេត្តសៀមរាបសម្បូរទៅដោយកេរ្តិ៍ដំណែលវប្បធម៌ សំខាន់ៗ ជាច្រើនដែលបុព្វបុរសបន្សល់ទុកមក ជាពិសេសប្រាសាទអង្គរវត្ត ដែលមានកិត្យានុភាពល្បីរន្ទឺទៅគ្រប់ទិសទីលើសកលលោក ហើយយើងពិតជាមានមោទនភាពជាតិណាស់ចំពោះបេតិកភណ្ឌជាតិ ដែលមិនចេះសាបសូន្យ ខណៈបច្ចុប្បន្ននេះ យើងបាននឹងកំពុង ប្រឹងប្រែងរៀបចំតំបន់នានាក្នុងខេត្ត ឱ្យក្លាយទៅជាតំបន់ទេសចរណ៍យ៉ាងប្រណិត សម្រាប់បម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនាប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ព្រមទាំងរមណីយដ្ឋានធម្មជាតិនានា ហើយបរិមាណភ្ញៀវទេសចរ ក៏មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ជាពិសេសអាជ្ញាធរខេត្ត បាននឹងកំពុងយកចិត្តទុកដាក់កែកម្អសោភ័ណភាពក្រុងឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ ប្រកបដោយកិច្ចការពារបរិស្ថាន ស្របតាមគោលការណ៍ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដូចជាការរៀបចំយុទ្ធនាការចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ទៀ សីហា បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ គួរគប្បីប្រកាន់ខ្លួនដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ បន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជន ពីប្រជាជនទៅរដ្ឋ នូវកម្មវិធីនយោបាយ និងឱ្យរដ្ឋ បានដឹងពីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ , ជួយរិះគន់ស្ថាបនាលើគោលនយោបាយ និងការអនុវត្តទាំងស្ថាប័នរដ្ឋ , ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស ញុះញង់ , ចង់អោយសារព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគទាំងកម្រិតជាតិ និងអន្តរជាតិ និងស្នើឱ្យគ្រប់សកលវិទ្យាល័យនានារបស់កម្ពុជា ធ្វើជាធនាគារខួរក្បាលលើបញ្ហានេះ និង ត្រូវខិតខំបង្កើនសម្ថភាពភាពវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិត ព្រមទាំងត្រូវធ្វើទំនើបកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងសម្ថភាព និងធនធានមនុស្ស ៕
ដោយ ស៊ាន សុផាត