ជនជាតិវៀតណាមចំនួន 12នាក់ ដែលបានបំពានច្បាប់ នាំយកគ្រឿងចក្រខ្នាតធំ ចូលតាមច្រករបៀងមកតំបន់ ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរីនិងធ្វើការឈូសឆាយដីព្រៃ ត្រូវបានតុលាការដោះលែង វិញហើយ
ខេត្តរតនគិរី៖ ប្រភពច្បាស់ការណ៍ ពីមន្ត្រីពន្ធនាគារខេត្តរតនគិរីបានបង្ហើប ប្រាប់ឲ្យដឹងថា
ជនជាតិវៀតណាមទាំង១២នាក់ត្រូវបានតុលាការដោះលែងវិញហើយ កាលពីល្ងាច ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ នេះ
។
សូមរំលឹកថា ជនជាតិវៀតណាមចំនួន 12នាក់នោះ បានបំពានច្បាប់ នាំយកគ្រឿងចក្រខ្នាតធំ ចូលតាមច្រករបៀងមកតំបន់ ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី និងធ្វើការឈូសឆាយដីព្រៃ នៅក្នុងក្រុមហ៊ុន នុភាពសុភី ហើយត្រូវបានកម្លាំងចម្រុះរបស់ខេត្តរតនគិរីដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេមញ្ជារការកងរាជអាវុធហត្ថខេត្តចុះទៅបង្រ្កាបហាមឃាត់គ្រឿងចក្រចំនួន៦គ្រឿង និងបាននាំខ្លួនជនជាតិវៀតណាមចំនួន១២នាក់មកប្រគល់ឲ្យនគរបាលអន្តោប្រវេសន៍ចាត់ការបន្តទៅតាមនីតិវិធីច្បាប់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ ។
ហើយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ខាងនគរបាល អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាល
ខេត្តរតនគិរី បានបញ្ជូនជនជាតិវៀតណាមទាំង១២នាក់ទៅឲ្យតុលាការចាត់ការបន្ត ហើយតុលាការបានសម្រេចឃុំ
ខ្លួនជនជាតិវៀតណាមទាំងនោះបណ្តោះអាសន្ននៅពន្ធនាគារភ្នំស្វាយតែម្តង។
ប្រភពបានឲ្យដឹងទៀតថាជនជាតិវៀតណាមទាំង១២នាក់បានរួចខ្លួនត្រលប់ទៅផ្ទះវិញបន្ទាប់ពី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តរតនគិរី គឺលោក ឡេង វណ្ណារិទ្ធ បានសម្រេចចេញដីកាបង្កាប់ឲ្យដោះលែងពីពន្ធនាគារភ្នំស្វាយ កាលថ្ងៃទី30 ខែឧសភា ឆ្នាំ 2019 វេលាម៉ោង៥ល្ងាច។ មជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅនៅខេត្តរតនគិរីបានដាក់ជាចម្ងល់ស្របគ្នាថា រឿងជនជាតិវៀតណាមទាំង១២នាក់នេះមិនគួរដោះលែងយ៉ាងឆាប់រហ័សបែបនេះទេ ព្រោះរឿងនេះធំណាស់ ដោយពួកគេបាននាំយកគ្រឿងចក្រដល់ទៅ៦គ្រឿងគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវមកធ្វើការឈូសឆាយដីព្រៃនៅលើទឹកដីកម្ពុជា ដោយខុសច្បាប់ ជាពិសេសគួទុកស្រាវជ្រាវរកនាក់ដែលនៅពីក្រោយខ្នងមកផ្តន្ទាទោស មិនគួឲ្យរួចខ្លួនដោយស្រួលពេកនោះទេ ៕ធ.ដ
ដោយៈ គតិ យុត្ត