រថយន្ដ កូរ៉េ ដឹកដី ឆ្លងផ្លូវត្រូវយុវជនម្នាក់ជិះម៉ូតូបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដកូរ៉េដឹកដីមួយគ្រឿង ខណៈដែល កំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ២០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមា នជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ អែល សុខជា អាយុ១៩ឆ្នាំមានទីលំនៅភូមិកំពុងសំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
យោងតាមប្រភពពីសាក្សីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ កណ្ដាល1 AA-0126 ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ លុះទៅដល់ចំណុចកើតហេតុក៏ឃើញរថយន្ដដឹកដី មួយគ្រឿងម៉ាក កូរ៉េ ពណ៌ខៀវ ដែលពាក់ស្លាកលេខភ្នំពេញ2 J-5741 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ទិសដៅបញ្ច្រាស់ បានឆ្លងផ្លូវទៅគន្លងរបស់ខ្លួន ប៉ុន្ដែទើបតែឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវម៉ូតូបុកចំពីមុខពេញទំហឹងតែម្ដងបណ្ដាលឲ្យយុវជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះតៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់សម្រោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម៉ូតូ និង រថយន្ដទៅរក្សាទុកដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំណែកសាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ