សម្តេចតេជោ ហ៊ុន សែន បង្ហើបរឿងមានអ្នករៀបផែនការវាយប្រហារតាមដ្រូនចូលភូមិគ្រឹះសម្ដេចនៅក្រុងតាខ្មៅ
កណ្ដាល៖សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការដើម្បីវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។ ផែនការនេះ ត្រូវបាន សម្តេច ដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ។សម្តេចតេជោ ក៏បានស្នើដល់បរទេសទាំងអស់ ឱ្យមាន ការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ លើសកម្មភាពភេរវកម្ម ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយនូវផែនការដ៏អាក្រក់នេះ។ ទន្ទឹមនេះសម្តេចតេជោ បានផ្តាំផ្ញើទៅអ្នកមានផែនការ វាយប្រហាដោយដ្រូននោះផងដែរ ដោយការព្រមានថា “អ្នកមានផែនការវាយប្រហារដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ”។
ជាមួយនឹងនឹងការលាតត្រដាងផែនការខ្មៅងងឹតនេះ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីឈ្មោះអ្នកពាក់ព័ន្ធក្នុងការរៀបចំផែនការវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែលក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើតរដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល ។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកផែនការនេះជាអំពើភេរវកម្ម ។សម្ដេចបានបញ្ជូនសារទៅជនបរទេសទាំងឡាយ សូមប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ។ សម្តេចតេជោបានស្នើឱ្យបរទេសទាំងអស់ កុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះថា កម្ពុជា ត្រូវតែគ្រប់គ្រងសន្តិសុខរបស់ខ្លួនឯង ៕
ដោយ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-06-21-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-06-21-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-06-22-1024x682.jpg)