បណ្ឌិត សួន សេរីរដ្ឋា៖ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី អំពីបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គឹមយ៉ា គឺជាការកេងចំណេញនយោបាយនិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ថា ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ឱ្យអ្នកប្រជាធិបតេយ្យឱ្យងាកទាមទារបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការកេងចំណេញនយោបាយ និងដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

បណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែនទឹក ដែនកោះ ដែនគោក មិនមែនត្រឹមតែកោះគុជ ឬក៏ដែនសមុទ្ររបស់កម្ពុជាជាប់នឹងឈូងសមុទ្រថៃទេ គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រួចជាស្រេចទៅហើយ ហើយរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តាំងពីជាក្រុមការងារកិច្ចការព្រំដែនមកជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលទទួលបន្ទុកដោះស្រាយចរចាជាមួយប្រទេសជិតខាងកម្ពុជា ដើម្បីធានាឱ្យបានឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិ និងបូរណភាពទឹកដី។ ដូច្នេះបញ្ហានេះវាមិនមែនជាបញ្ហាដែលប្រជាពលរដ្ឋត្រូវជឿទៅលើការអូសទាញបញ្ឆេះកំហឹងរបស់ពួកក្រុមអ្នកនយោបាយរត់ចោលស្រុកដែលព្យាយាមយកបញ្ហាទឹកដីអធិបតេយ្យភាពមកធ្វើជាជំនាញនយោបាយរបស់ខ្លួន ដើម្បីបន្តជីវិតនយោបាយរត់ចោលស្រុករបស់ពួកគេនោះទេ។

បណ្ឌិត សួន សេរីរដ្ឋា បានបន្តថា បញ្ហាឃាតកម្មលើលោក លិម គឹមយ៉ា គឺរាជរដ្ឋាភិបាលក៏បានបំពេញតួនាទី កាតព្វកិច្ចបានចាប់បញ្ជូនឃាតករដៃដល់ផ្តល់ឱ្យភាគីថៃរួចហើយ និងបន្តរង់ចាំកិច្ចសហប្រតិបត្តិការស្របតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាដើម្បីធ្វើការបន្តទៀតដែរ។ រាជរដ្ឋាភិបាលមិនដែលបានបដិសេធថា មិនសហការជាមួយភាគីថៃដើម្បីស្វែងរកអ្នកនៅពីក្រោយខ្នងឃាតករនោះទេ។ រាជរដ្ឋាភិបាលក៏ចង់បានឃើញការពិតថា អ្នកណានៅពីក្រោយឃាតកម្មនេះដែរ? ដើម្បីកុំឱ្យក្រុមអ្នកនយោបាយដែលស៊ីពេរ អ្នកនយោបាយធ្វើអាជីវកម្មលើក្រុមគ្រួសារជនរងគ្រោះ យកបញ្ហានេះយកមកបន្តធ្វើអាជីវកម្មសាបព្រួសការចោទប្រកាន់មកលើមេដឹកនាំ និងថ្នាក់ដឹកនាំប្រទេសកម្ពុជា។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តទៀតថា ប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅលើបញ្ហាកោះគុជ និងករណីឃាតកម្មលើលោក លិម គឹមយ៉ា។ អ្វីដែលមេដឹកនាំចលនាឧទ្ទាមកំពុងតែបំផុសបំផុលចង់បង្កើតឱ្យសង្គមចលាចលក្លាយទៅជាចំហេះនៃបដិវត្តន៍ពណ៌ដើម្បីចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់ពីអំណាចនោះ៕
ដោយ៖ពលជ័យ

ads banner