មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បដិសេធ ពុំមានភ្លើងឆេះព្រៃនៅកម្ពុជាឆ្លងចូលដីថៃនៅភ្នំបានតា ខេត្តត្រាតទេ
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃដែលចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជានេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ។
ក្នុងសេចក្តីបំភ្លឺព័ត៌មានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានសេចក្តីថាសូមបំភ្លឺជូនសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន ww.nationthailand.com របស់ប្រទេសថៃបានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជានេះឆ្លងទៅព្រៃឈើនៅភ្នំ បានតា (Banthat) ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ» ។
ករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា រូបភាពដែលសារព័ត៌មានwww.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅអំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះឡើយ។ ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ។
ប្រភពដដែលបន្តថា ការឆេះព្រៃនៅភ្នំ Banthat ខេត្តត្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះករណីភ្លើងឆេះព្រៃ និងមិនបណ្តែតបណ្តោយឱ្យមានករណីនេះរាលដាលរហូតបង្កគ្រោះថ្នាក់និងប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាដាច់ខាត៕
ដោយ៖មុនី
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-17-19-725x1024.jpg)