សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់មាតុប្រទេសវិញហើយ ក្រោយចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋហ្វីលីពីន ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ដោយលទ្ធផលដ៏ត្រចះត្រចង់ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានប្តេជ្ញានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត។

សូមជម្រាបថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ក្រៅពីមានជំនួបទ្វេភាគី ជាមួយប្រធានាធិបតីហ្វីលីពីន, សម្តេចធិបតី ក៏មានជំនួបទ្វេភាគីជាមួយ ប្រធានព្រឹទ្ធសភា និងប្រធានសភា នៃសាធារណរដ្ឋហ្វីលីពីន និងបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ បណ្តាក្រុមហ៊ុនហ្វីលីពីនជាច្រើន ចូលជួបសម្តែងការគួរសម និងស្វែងរកឱកាសវិនិយោគ នៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨រួមមាន៖

១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល ហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។
២) អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ។
៣) អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលហ្វីលីពីន និង រដ្ឋាភិបាល កម្ពុជា ស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ។
៤) អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាល ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ។
៥) អនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និងគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន ស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ។
៦) កម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍ កម្ពុជា និងក្រសួងទេសចរណ៍ ហ្វីលីពីន ។
៧) អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និងអាជ្ញាធរអប់រំបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍន៍ជំនាញ ហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
៨) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្ពុជា និងក្រសួងបច្ចេកវិទ្យាព័ត៌មាន ហ្វីលីពីន។

គួររំលឹកដែរថា នៅថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ០២ រួមមាន៖ – អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង – អនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និង World Citi College ដើម្បីរួមគា្នអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើតវគ្គបណ្តុះបណ្តាល លើជំនាញគិលានុបដ្ឋាយិកា៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner