កងទ័ពមួកខៀវកម្ពុជា ចំនួន ៧៣នាក់ បញ្ចប់បេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង
(ភ្នំពេញ)៖ កងអនុសេនាធំកងរាជអាវុធហត្ថលេខ២៧៨ ចំនួន ៧៣នាក់ ដែលបានទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម ១៥% ។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការ រស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហាន ក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម ។
ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពមួកខៀវកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ជ្រោងទង់សន្តិភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបទៀត បានអញ្ជើញទទួលដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
ឧត្តមសេនីយ៍ទោ សែម រតនា បានលើកឡើងថា កងកម្លាំងទាំង ៧៣រូប ដែលបានចូលរួមក្នុងបេសកកម្មស្វែងរកសុខសន្តិភាព ជូនប្រទេសដែលកំពុងជួបវិបត្តិ គឺជាការលះបង់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសបាននាំមកនូវកេរ្តិ៍ឈ្មោះជូនរាជរដ្ឋាភិបាល និងប្រទេសជាតិផងដែរ។ កម្ពុជា ជាប្រទេសធ្លាប់ទទួលអាជ្ញាធរជាតិបណ្តោះអាសន្ន ហៅកាត់ UNTAC បានកែប្រែខ្លួនមកជាប្រទេសបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ យ៉ាងសកម្ម និងបានទទួលការកោតសរសើរជាច្រើនពីអន្តរជាតិ។
ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងបន្តថា បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ អ.ស.ប. ប្រចាំនៅសាធារណរដ្ឋលីបង់ នៅក្នុងតំបន់បំពេញបបេសកកម្មរបស់ខ្លួន ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្លាំងកម្ពុជា កំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ។ តាមការវាយតម្លៃរបស់ អ.ស.ប នាខែមីនា ឆ្នាំ២០២៤ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ លើ ១១៩ប្រទេស ដែលបរិច្ចាគកងកម្លាំង។ រីឯការចូលរួមរបស់នារីទទួលបានលេខរៀងទី១៤ លើ ១១៩ប្រទេសដែលបរិច្ចាគកងកម្លាំងចំណែកក្នុងអាស៊ាន កម្ពុជាបន្តទទួលបានលេខ៣ រីឯនារីបន្តទទួលបានលេខ២៕





ដោយ ង៉ាន់ ទិត្យ