Musk ជះលុយជិត១០០ពាន់លាន ទិញយកOpenAI

បរទេស៖ សម្ព័ន្ធវិនិយោគិន ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk បានជះលុយ ៩៧.៤ពាន់លាន ដើម្បីកាន់កាប់ OpenAI ដែលជាអ្នកបង្កើតកម្មវិធី បញ្ញាសិប្បនិម្មិត ChatGPT នេះបើតាមការចេញផ្សាយ របស់ BBC ថ្មីៗនេះ។

មេធាវីរបស់ Elon Musk គឺ លោក Marc Toberoff បានបញ្ជាក់ថា លោកបានដាក់សំណើ ដេញថ្លៃសម្រាប់ ការគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្លួនហើយ កាលពីថ្ងៃចន្ទ។

ការផ្តល់ជូននេះ គឺជាការប្រែប្រួលចុងក្រោយបំផុត នៅក្នុងសមរភូមិដ៏យូរអង្វែង រវាងលោក Musk ដែលជាដៃស្តាំរបស់ប្រធានាធិបតីអាមេរិក Donald Trump និង នាយកប្រតិបត្តិក្រុមហ៊ុន Open AI គឺលោក Sam Altman ក្នុងបរិបទ កាន់តែការរីកចំរើន នៃបញ្ញាសិប្បនិម្មិត ឬ AI ។

ជាការឆ្លើយតបទៅនឹងការដេញថ្លៃនេះ លោក Altman បានបង្ហោះសារ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកមិនអរគុណនឹងការជះលុយ ជិត១០០ពាន់លានដុល្លារអាមេរិកនេះទេ ហើយថែមទាំងបោះពាក្យសម្តីវិញថា លោកចង់ទិញ twitter ឬ X ក្នុងតម្លៃ ៩.៧ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុន OpenAI ត្រូវបានគេផ្តល់កិត្តិយសយ៉ាងទូលំទូលាយ ក្នុងការជួយនាំឧបករណ៍បញ្ញាសិប្បនិមិត្ត ចូលទៅក្នុងចរន្តសំខាន់ៗ និងជំរុញការវិនិយោគដ៏ធំ ក្នុងវិស័យនេះ។ លោក Musk និង លោក Altman គឺសហស្ថាបនិក បង្កើតក្រុមហ៊ុនមួយនេះ នៅក្នុងឆ្នាំ២០១៥ ដោយពេលនោះ ជាក្រុមហ៊ុន មិនរកប្រាក់ចំណេញ ប៉ុន្តែ បុរសទាំងពីរនាក់ចាប់ផ្តើមរង្គោះរង្គើទំនាក់ទំនង ចាប់តាំងពីលោក Musk បានដើរចេញពីក្រុមហ៊ុន នៅឆ្នាំ ២០១៨។

លោក Altman ត្រូវបានគេនិយាយថា កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដើម្បីក្លាយជាអង្គភាព រកប្រាក់ចំណេញ ដោយដកចេញពីក្រុមប្រឹក្សាភិបាល មិនរកប្រាក់ចំណេញ តែ ការផ្លាស់ប្តូរនេះ ត្រូវបាន លោក Musk អះអាងថា ក្រុមហ៊ុន OpenAI បានបោះបង់ចោលបេសកកម្មស្ថាបនិក របស់ខ្លួន ក្នុងការអភិវឌ្ឍ AI ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner