អ្នកដោះមីនវៀតណាម១,០០០នាក់អស់ការងារ ក្រោយអាមេរិកផ្អាកជំនួយ

ហាណូយ ៖ ក្រុមកម្មករដោះមីនវៀតណាម ចំនួន១,០០០នាក់ បានបាត់បង់ការងារ ក្រោយពេលដែលសហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិជំនួយ ដែលធ្លាប់តែផ្តល់ តាមរយៈទីភ្នាក់ងារ USAID។

កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃអង្គារថា ខេត្ត Quang Tri ដែលជាសមរភូមិ ក្នុងសម័យសង្រ្គាមវៀតណាម កំពុងប្រឈមមុខនឹងការលំបាក ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ប្រភពបានបញ្ជាក់ថា ខេត្ត Quang Tri នឹងត្រូវផ្អាកសកម្មភាព អង្កេត និង បោសសម្អាតគ្រាប់បែក ដែលអាចបង្កគ្រោះថ្នាក់នានា។

លោក Giang ដែលមានកូន៥នាក់ និង អាចរកបាន ៣៤០ដុល្លារអាមេរិក ក្នុងមួយខែ បានត្អូញត្អែរថា លោកពិតជាព្រួយបារម្ភ ក្រោយពីបានដឹងដំណឹងនេះ។ លោកបន្តថា នឹងត្រឡប់ទៅធ្វើស្រែចម្ការវិញ ដើម្បីផ្គត់ផ្គង់គ្រួសារ ហើយសង្ឃឹមថា អង្គភាពនឹងដំណើរការឡើងវិញ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានបញ្ជាឱ្យផ្អាករយៈពេល ៩០ថ្ងៃ លើប្រតិបត្តិការ សម្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ ដែលទទួលបានមូលនិធិ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID ។ រដ្ឋបាលលោក Donald Trump ថែមទាំងបានប្រកាសថា ខ្លួនបញ្ឈប់បុគ្គលិក USAID ដែលជួលដោយផ្ទាល់ទាំងអស់ នៅទូទាំងពិភពលោក ទៀតផង។
USAID ដែលគ្រប់គ្រងជំនួយជាង៤០ពាន់លានដុល្លារ ក្នុង១ឆ្នាំ បានផ្តល់ការងារដល់មនុស្សជាង ១ម៉ឺននាក់ នៅទូទាំងពិភពលោក ដែលពីរភាគបី នៃពួកគេធ្វើការ នៅក្រៅប្រទេស។ ទីភ្នាក់ងារនេះបានផ្តល់ជំនួយដល់១៣០ប្រទេស កាលពីឆ្នាំ២០២៣៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner