រាជរដ្ឋាភិបាលកម្ពុជា បន្ដដាក់ចេញយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ សម្រាប់ឆ្នាំ២០២៥
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដដាក់ចេញផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមផែនការរបស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងគោលបំណងទប់ស្កាត់ និងឈានទៅលុបបំបាត់ឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ នៃឧក្រិដ្ឋកម្មគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាបន្តបន្ទាប់ដែលគិតត្រឹមឆ្នាំ២០២៤កន្លងទៅ មានចំនួន៩លើកមកហើយ សំដៅជំរុញ និងកៀរគរ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ព្រមទាំងបំផុសប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាចលនាជាតិមួយ ក្នុងស្មារតីទទួលខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។
ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង៩លើកកន្លងមក (២០១៧-២០២៤) អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអនុវត្ត និងបំពេញតួនាទីយ៉ាងសកម្មលើកិច្ចការសំខាន់ៗមួយចំនួន៖
*១៖ ជំរុញការផ្សព្វផ្សាយអប់រំយ៉ាងផុលផុស តាមគ្រប់មធ្យោបាយ គ្រប់រូបភាព និងដល់ទីកន្លែងសរុបចំនួន ៧៥៦,៩៣៤លើក ដែលមានអ្នកចូលរួម និងទទួលសារអប់រំក្នុងម្នាក់ អាចទទួលសារអប់រំលើសពីម្តង (តួលេខបូកយោងសរុបចំនួន ៣២,៨៥៥,២២៤ អង្គ/នាក់)។
ជាពិសេសក្នុងឆ្នាំ២០២៤កន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងវេទិកាផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដ៏ធំមួយគឺ «ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤» ដែលត្រូវបានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ទទួលស្គាល់ និងកោតសរសើរចំពោះកម្ពុជាជាប្រទេសគំរូ ក្នុងការរៀបចំទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrug ជាដើម។
*២៖ ជំរុញការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយបានបិទទីតាំងអាជីវកម្មសរុបចំនួន ៤៨កន្លែង និងបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទមានទម្ងន់ ប្រមាណ៤២,៨៤៨គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥៩៦,៣៩៩គីឡូក្រាម រួមទាំងរឹបអូសមធ្យោបាយ សម្ភារៈ និងវត្ថុតាង ទ្រព្យសម្បត្តិ និងបង្កកអចលនទ្រព្យជាច្រើនកន្លែង។
ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៦២៧ករណី ឃាត់ខ្លួនឧក្រិដ្ឋជនមេខ្លោង១៩៥នាក់ និងបណ្តាញខ្សែរយៈ១,៤៥៣នាក់ កសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
*៣៖ បានបញ្ចូនអ្នកញៀនគ្រឿងញៀន ទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបចំនួន ១៤៥,៧៩០នាក់ បានធ្វើសមាហរណកម្មចូលក្នុងគ្រួសារ និងសហគមន៍វិញសរុបចំនួន ៨១,៦៧៥នាក់។
ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជាវិជ្ជមានដូច បានរៀបរាប់ខាងលើនោះក្តី យើងបានពិនិត្យឃើញបញ្ហាប្រឈមថ្មីមួយចំនួនដែលបានកើតឡើង ដូចជា ការប្រើប្រាស់ ល្បិចកលនាំចូលនូវសារធាតុគីមីបម្រើឲ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិត ជាសារធាតុញៀន សំយោគ ការផ្លាស់ប្ដូរច្រក និងផ្លូវចរាចរ រួមទាំងរូបភាពនៃការនាំចូលឆ្លងកាត់ ការកែច្នៃផលិតជាដើម។
ក្តីបារម្ភ ដែលជាបញ្ហាប្រឈមរ៉ាំរ៉ៃ និងកំពុងបង្កហានិភ័យដល់សង្គមជាតិនោះ គឺការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍នៅបន្តកើតមាននៅឡើយ និងកំពុងតែទាមទារឲ្យចាត់វិធានការជាអាទិភាព ដើម្បីដោះស្រាយ ប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា ៕








ដោយ ៖ វណ្ណលុក