Musk នាំកូនតូចចូលការិយាល័យ Trump ជជែកការងារ
បរទេស ៖ លោក មហាសេដ្ឋី Elon Musk បានចូលមកជួបលោកប្រធានាធិបតីអាមេរិក Donald Trump ទាំងមានពាក់មួក និង នាំកូនប្រុសតូចម្នាក់ ឈ្មោះ Lil X មកជាមួយផងដែរ។
នៅក្នុងការិយាល័យរបស់ Trump នៅសេតវិមាន កាលពីថ្ងៃអង្គារ ពួកលោកបានជជែកគ្នា អំពីរឿងចាំបាច់ ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ។
មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិករូបនេះ បាននិយាយថា វាជា «ការចាំបាច់» ដើម្បីកាត់បន្ថយការចំណាយរបស់សហព័ន្ធ ហើយបើមិនធ្វើបែបនេះទេ សហរដ្ឋអាមេរិកនឹង «ក្ស័យធន»។
លោក Musk កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ក្រោមនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលទើបបង្កើតថ្មី។ ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ លោក ត្រាំ បានចេញបទបញ្ជាដ៏ច្របូកច្របល់ ក្នុងគោលបំណងកាត់បន្ថយការចំណាយ របស់សហព័ន្ធ។
គួរកត់សម្គាល់ថា ភ្លាមៗ ក្រោយការបោះឆ្នោត លោក Musk ក៏ធ្លាប់លើកកូនតូច រូបនេះ ដាក់លើស្មា ចូលមកអគាររដ្ឋាភិបាល ផងដែរ។ ក្នុងពិធីជប់លៀងមួយ ថ្មីៗនេះ លោក Musk ក៏ធ្វើបែប នេះដូចគ្នាដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត