គណៈកម្មការទី១ រដ្ឋសភាអញ្ជើញទស្សនកិច្ចនៅខេត្តភាគពាយ័ព្យប្រទេស
បន្ទាយមានជ័យ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការ និងព្រមទាំងតំណាងរាស្ត្រនៃមណ្ឌលខេត្តនានា បានចំណាយពេលចំនួនបីថ្ងៃចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញមកកាន់ខេត្តចំនួនបួន នៅពាយ័ព្យប្រទេសមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
គោលបំណងនៃការធ្វើដំណើរមកកាន់ទាំង៤ខេត្ត គឺគណៈកម្មការជំនាញរដ្ឋសភា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងនោះ លើការងារសន្តិសុខ ការងារទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបន្សាបបគ្រឿងញៀន ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល ស្ថានភាពទំនាស់ដីធ្លីនិងយន្តការសម្របសម្រួល ការចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋជាដើម។
នៅខេត្តបន្ទាយមានជ័យឯកឧត្ដម សរ ចំរុង កោតសរសើរចំពោះរដ្ឋបាលខេត្តនានានិយាយជារួម និងខេត្តបន្ទាយមានជ័យនិយាយដោយឡែក ដែលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងភាពសុខដុមរមនា។
គណៈកម្មការក៏បានកត់សម្គាល់ លើបញ្ហាប្រឈមរបស់ខេត្ត និងទទួលសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា៕
នៅខេត្តបន្ទាយមានជ័យប្រតិភូបានទស្សនកិច្ចនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ,ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជុំជាមួយខេត្តរដ្ឋបាលខេត្តដែលរៀបចំនៅសាលាក្រុងប៉ោយប៉ែត រួចទៅទស្សនាច្រកព្រំដែនតំបន់ម៉ាឡៃ ៕
ដោយ៖ឃិន គន្ធា






