អ្នកនាំពាក្យក្រសួងការងារ​ ជំរុញនិយោជកពង្រឹងការអនុវត្ត​វិធាន​ការ​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហ​គ្រាស គ្រឹះស្ថាន

(ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ត្រូវពង្រឹង ការ អនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ បាន ជំរុញបែបនេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញ​មាន ករណីអគ្គិភ័យ កើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវ​ដល់និយោ​ជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធាន​ការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖
ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរ​មានសមត្ថកិច្ច
ទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និង​ប្រព័ន្ធ​ផ្សេងៗ​ដែលអាចដឹងពីភ្លើងឆេះបាន
ទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ
ទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធ​ផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា
ទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ
ទី៦. បង្រៀនបុគ្គលិកអំពីវិធានការទប់ស្កាត់អគ្គិភ័យ និងវិធីប្រើឧបករណ៍ពន្លត់អគ្គិភ័យ
ទី៧. រៀបចំការអនុវត្តសកម្មភាពអន្តរាគមន៍ពេលមានអគ្គិភ័យ (fire drill) ជាប្រចាំ
ទី៨. រៀបចំសម្ភារៈដែលងាយឆាបឆេះទុកនៅ​កន្លែងដែល​មានសុវត្ថិភាព
ទី៩. ធានាថាមានផ្លូវចេញឆាប់រហ័សនៅតំបន់ផ្សេងៗ​ក្នុងរោងចក្រ សហគ្រាសសម្រាប់ការបញ្ចេញបុគ្គលិក​ពេលមានគ្រោះអគ្គិភ័យ
ទី១០. មានប្រព័ន្ធសំឡេងរោទ៍អគ្គិភ័យដើម្បីជូន​ដំណឹងឱ្យ​បុគ្គលិកចាកចេញឱ្យទាន់ពេល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានក្រើនរំលឹកសាជាថ្មី​ដល់កម្មករនិយោជិតត្រូវចូលរួមអនុវត្ត ដូចជា មិនត្រូវប៉ះពាល់​ខ្សែ​បណ្តាញអគ្គិសនីនាំឱ្យរងគ្រោះ និងមិនត្រូវដោតឧបករណ៍​ច្រើន​ពេកក្នុងឧបករណ៍ភ្លើងតែមួយ, ពិនិត្យ និងថែរក្សារ​បណ្តា​ញ​ភ្លើងជាទៀងទាត់ ដើម្បីកុំឱ្យមានការរលុង ឬខូចខាត, បិទ​ឧបករណ៍អគ្គិសនីក្រោយពេលប្រើប្រាស់ និងមិនទុកឱ្យ​ម៉ាស៊ីន​​ដំណើរការដោយគ្មានការត្រួតពិនិត្យ, រក្សាទុកសារ​ធាតុផ្ទុះ ឬឆេះឆាបឱ្យបានត្រឹមត្រូវ និងនៅក្នុងកន្លែងមាន​សុវត្ថិភាព, ត្រូវរៀនវិធីប្រើឧបករណ៍បាញ់ពន្លត់អគ្គីភ័យ, សម្អាត​ធូលី ឬសំណល់សារធាតុងាយឆេះជាទៀងទាត់, គ្រប់គ្រងផ្លូវចេញចូលឱ្យមានភាពងាយស្រួលក្នុងករណីមានហានិភ័យ, រៀនអំពីផែនការចេញឆាប់រហ័សក្នុងករណី​មាន​អគ្គិភ័យ។ ក្នុងករណី មានការចាប់អារម្មណ៍ថាមានអ្វីមិនប្រ​ក្រតី ដូចជា ធូលីច្រើន, ក្លិនឆ្អើរ, ឧបករណ៍អគ្គិសនីខូចជាដើម ត្រូវរាយការណ៍ទៅអ្នកគ្រប់គ្រងភ្លាមៗ និងចូលរួមចំណែកក្នុង​កា​រទប់​ស្កាត់អគ្គិភ័យដោយការពារតាមស្តង់ដារសុវត្ថិភាព៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner