រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍

បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុង ដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យ មួយនេះថា បានរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធ ក្នុងការបង្ក្រាបជនចំណាកស្រុក ដែលគ្មានឯកសារ។

អគ្គមេធាវី អាមេរិក លោកស្រី Pam Bondi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងបានប្តឹងរដ្ឋ Illinois ហើយនឹងទីក្រុង New York ដែលមិនស្តាប់តាមការណែនាំ…ក្រុង ញូវយ៉ក បានជ្រើសរើស ផ្តល់អាទិភាព ដល់ជនបរទេសខុសច្បាប់ ជាងពលរដ្ឋអាមេរិក»។

លោកស្រី Bondi បាននិយាយថា «ប្រសិនបើអ្នក មិនគោរពតាមច្បាប់សហព័ន្ធ យើងនឹងមានវិធានការ»។ លោកស្រី បានថ្លែងថា «ដោយសារមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ជាមូលហេតុ ដែលយើងដាក់ពាក្យបណ្ដឹងនេះ»។

លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ថា នឹងអនុវត្តការនិរទេសដ៏ធំបំផុត លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ជាក់ស្តែង បន្ទាប់ពីចូលកាន់តំណែង លោក Trump បានប្រកាស «ភាពអាសន្នជាតិ» នៅតាមព្រំដែន ភាគខាងត្បូង សហរដ្ឋអាមេរិក ហើយបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដោយបញ្ជាក់ថា ជនចំណាកស្រុកដែលគ្មានឯកសារបង្ហាញ ពីការការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិសុខជាតិ និង សុវត្ថិភាពសាធារណៈ។

ចំណាត់ការផ្លូវច្បាប់នេះ កើតឡើង នៅរយៈពេលមួយសប្តាហ៍ បន្ទាប់ពីក្រសួងយុត្តិធម៌ បានប្តឹងលើតំបន់មួយចំនួនទៀត ក្នុងហេតុផល ស្រដៀងគ្នានេះ រួមមានទាំង ទីក្រុង Chicago ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner