អ្នកសារព័ត៌មានជាង ៥០នាក់មកពីជាង២០ស្ថាប័នចេញដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះ
ភ្នំពេញ៖អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័នបានចេញដំណើរតាំងពីព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទៅកាន់ខេត្តមណ្ឌលគីរី និងខេត្តក្រចេះដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិ-ឧស្សាហ កម្មទេសចរណ៍នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ក្លិបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា បេសកកម្មលើកនេះមានរយៈ ពេល៤ ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ។ក្លិបអ្នកកាសែតកម្ពុជារំពឹងថា អត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួម ចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិនិងភ្ញៀវទេសចរ បន្ថែមទៀតមកកាន់ខេត្តទាំងពីរនេះ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានឱ្យថា “បេសកកម្មលើកនេះ ប្លែកបន្តិចពីបេសកកម្មកន្លងមកដោយយើងផ្តោតទៅលើវិស័យឧស្សាហកម្ម រ៉ែនិងកសិឧស្សាហកម្មទេសចរណ៍ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគីរីនិងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគ ឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅទ្បើយ”។
នេះជាបេសកកម្មលើកទី៧របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមមាន ខេត្ក ព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និងរមណីយដ្ឋានឋានសួគ៌ បូកគោ។នេះបើតាមការបញ្ជាក់របស់ប្រធានក្លិបអ្នកកាសែតកម្ពុជា៕
ដោយ៖មុនី

