ពីរប្រទេស ជាជម្រើសទីណាត់ជួបគ្នា រវាងត្រាំនិងពូទីន

បរទេស៖ ប្រទេស អេមីរ៉ាប់ អារ៉ាប់រួម និងប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត អាចជាជម្រើសទីតាំង ដែលមេដឹកនាំអាមេរិក លោក Donald Trump និង មេដឹកនាំរុស្ស៊ី លោក Vladimir Putin គ្រោងណាត់ជួបគ្នា ជាលើកដំបូង តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើតាមការចេញផ្សាយ របស់កាសែត RT ដកស្រង់ប្រភពពី ទីភ្នាក់ងារព័ត៌មាន រយធឺ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសទាំងពីរ ត្រូវបានរុស្ស៊ី ចាត់ទុកថា ជាកន្លែងសក្តានុពល សម្រាប់កិច្ចប្រជុំកំពូល រវាងមេដឹកនាំទាំងពីរ នេះបើតាមប្រភពពីភាគីរុស្ស៊ី ដែលដឹងពីបញ្ហានេះ ហើយមន្ត្រីរុស្ស៊ីក៏បានធ្វើទស្សនកិច្ច នៅប្រទេសអេមីរ៉ាប់ អារ៉ាប់រួម និងប្រទេសអារ៉ាបប៊ី សាអ៊ូឌីត កាលពីខែមុន ផងដែរ។

ជាមួយគ្នានេះ ទាំង RT និងបណ្តាញសារព័ត៌មានធំៗដទៃទៀត បានចុះផ្សាយពីបំណង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថាចង់ជួប នៅ អារ៉ាប៊ី សាអូឌីត។ ក្នុងនោះ AFP បានចុះផ្សាយថា លោក ត្រាំ ចង់ជួបនៅទីនោះ ព្រោះ ជាទីតាំង ធ្លាប់ធ្វើជាកន្លែងដោះអ្នកទោសរុស្ស៊ី-អាមេរិក ប៉ុន្មានថ្ងៃមកនេះ ដោយត្រាំចាត់ទុក ព្រះអង្គម្ចាស់ អារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដើរតួយ៉ាងសំខាន់។

គម្រោងជួបគ្នានេះ ត្រូវបានប្រកាស ក្រោយពេលដែលសារព័ត៌មានធំៗ បានចេញផ្សាយអំពីគម្រោងណាត់ជួបគ្នា រវាងអ្នកទាំងពីរ ក្រោយបានជួបសន្ទនាតាមទូរស័ព្ទ ជាង១ម៉ោង ហើយជាការបញ្ជាក់ផ្លូវការ លើកដំបូង ថាពិតជាបានជួប តាមទូរស័ព្ទ ពិតមែន។

គួរបញ្ជាក់ថា មុនពេលចូលកាន់តំណែង លោក Trump ធ្លាប់បានសន្យាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រើពេលត្រឹម២៤ម៉ោង។ ជាការកត់សម្គាល់ មេដឹកនាំអ៊ុយក្រែន លោក Zelensky ទើបបានជួបបេសកកជនអាមេរិក ហើយត្រៀមជួបអនុប្រធានាធិបតី និង រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសុក្រនេះ នេះបើតាម AFP៕

ប្រភពពី RT, AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner