ពលរដ្ឋរុស្ស៊ីភាគច្រើនលែងជ្រួលជ្រើមនឹងថ្ងៃនៃក្តីស្រឡាញ់

បរទេស៖ ការស្ទង់មតិថ្មីបានបង្ហាញថា ប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន ទាំងបុរស និងស្ត្រី លែងជ្រួលជ្រើម នឹងថ្ងៃទិវា នៃក្តីស្រឡាញ់ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ នេះបើតាមការចុះផ្សាយ របស់កាសែត RT កាលពីថ្ងៃពុធ។

មូលហេតុសំខាន់ គឺដោយសារតែ កត្តាប្រជាសាស្ត្រ ដែលសម្បូរ ដោយមនុស្សចាស់។ កត្តាមួយទៀត គឺដោយសារតែជនជាតិរុស្សី លែងខ្វល់ពីអត្ថន័យនៃថ្ងៃបុណ្យនេះ តែចាត់ទុកថា ជាល្បិចពាណិជ្ជកម្ម ដើម្បីបង្កើនការលក់ ទំនិញ លែងគិតថា ជាមនោសញ្ចេតនាទៀតហើយ។ ក្រៅពីនេះ ស្ថានភាពហិរញ្ញវត្ថុ ក៏មានឥទ្ធិពល លើគំនិត លែងជ្រួលជ្រើម នឹងទិវានេះដែរ។ រីឯ
វិហារគ្រិស្ត អូស្សូដក់ របស់រុស្ស៊ី វិញ ក៏បានសម្តែងការមិនពេញចិត្ត ចំពោះថ្ងៃឈប់សម្រាកនេះ ដោយហៅវាថា ជាទិវារបស់ជនបរទេស។ អ្នកដឹកនាំសាសនារិះគន់ថា ទិវានេះបង្កើតឲ្យមានទំនាក់ទំនង ក្រៅអាពាហ៍ពិពាហ៍ ហើយចាត់ទុកវាថា ជាគម្លាត ពីតម្លៃគ្រួសារ។

ការអប់រំ ក៏ជាកត្តាសំខាន់ដែរ ក្នុងនោះ ប្រទេសរុស្ស៊ីបាននិងកំពុងលើកកម្ពស់ ការប្រារព្ធទិវាគ្រួសារ ៨ កក្កដា ជំនួស ឲ្យទិវា នៃស្រឡាញ់នេះ ចាប់តាំងពីឆ្នាំ ២០០៨មក។

មជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី ហៅកាត់ VTsIOM បានស្តង់មតិ ហើយលទ្ធផល បង្ហាញថា មានតែជនជាតិរុស្សី មួយភាគបួន ប៉ុណ្ណោះ ដែលចាត់ទុកថ្ងៃបុណ្យ នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ជាថ្ងៃឈប់សម្រាកពិតប្រាកដ។ ជាការកត់សម្គាល់ កាលពីដើម ទសវត្សរ៍ ឆ្នាំ២០០០ ស្ទើរតែពាក់កណ្តាល នៃប្រជាជនរុស្ស៊ី បានទទួលយក ថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ប៉ុន្តែ ឥឡូវនេះ ៧១% នៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិ បាននិយាយថា ពួកគេមិនប្រារព្ធទិវានេះ ទាល់តែសោះ៕

ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner