ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ«កម្ទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត«សម្ដេចតេជោ»!

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារ ប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិជ្ជារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត ក៏ប៉ុនប៉ងមិនចេះចប់មិនចេះហើយ ទាំងដោយកាយ វាចា និងចិត្ត នូវសកម្មភាពល្មើសច្បាប់រដ្ឋ ប្រាសចាកវិជ្ជាជីវៈនយោបាយ អសីលធម៌ និងគ្មានសេចក្ដីអៀនខ្មាស់ចំពោះបាបកម្ម។

ឯកឧត្តម អភិសន្តិបណ្ឌិតបានបន្តថា លើសពីឪពុក ជីតា ព្រឹទ្ធាចារ្យ ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន… ឆ្លងកាត់របត់នយោបាយដឹកនាំសង្គ្រោះ ការពារ កសាង លើកតម្កើងតម្លៃជាតិ និងសេចក្ដីសុខរបស់ប្រជាជន គឺបើរាប់តាំងពីសម័យកម្ពុជា ក្រោមសូន្យរហូតដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ជាមហារដ្ឋបុរសជាតិ! ជានិម្មិតរូបនៃការតស៊ូ និងការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន! ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដូច្នេះជាមួយនឹងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតនេះ យើងខ្ញុំទាំងអស់គ្នា ជាថ្មីម្ដងទៀត សូមប្រកាសគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចាត់វិធានផ្លូវច្បាប់ដោយគ្មានការអត់ឱនជាដាច់ខាត ចំពោះទុរជនទាំងឡាយណា ដែលប៉ុនប៉ងយាយីលើសុវត្ថិភាពសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងអំពើទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ។ យើងក៏សូមទទូចឱ្យរដ្ឋសាមី មានចំណាត់ការផ្លូវច្បាប់លើទុរជនអបលក្ខណ៍នោះ បើដឹងថារូបគេ និងគូកន កំពុងស្ថិតក្នុងប្រទេសខ្លួន៕
ដោយ៖ពលជ័យ

ads banner