គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ៕





ដោយ ៖ វណ្ណលុក