មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន
ព្រះវិហារ៖ពីខេត្តព្រះវិហារ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងញត្តិរបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារបានបញ្ជាក់ថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។ យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច៕
ដោយ៖ឡុង សំបូរ
