Elon Musk នាំកូនតូច៣នាក់ ជួបនាយករដ្ឋមន្ត្រីឥណ្ឌា
បរទេស ៖ លោក មហាសេដ្ឋីពិភពលោក Elon Musk រួមជាមួយគូកំណាន់ លោកស្រី Shivon Zilis និងកូនបីនាក់របស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ បានទទួលជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលលោក Modi កំពុងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយ របស់គេហទំព័រ ndtv បានឲ្យដឹងថា បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រី Modi បានផ្តល់អំណោយ ជាសៀវភៅចំនួនបីក្បាល ដល់កូនៗ របស់ Musk ហើយ នាយកប្រតិបត្តិក្រុមហ៊ុនឡានអគ្គិសនី Tesla និង ក្រុមហ៊ុន SpaceX រូបនេះ ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដល់លោក Modi វិញដែរ។
លោក Modi បាននិយាយ នៅក្នុងសារបង្ហោះថា «ក៏ជាការរីករាយផងដែរ ដែលបានជួបគ្រួសារ របស់លោក Elon Musk ដើម្បីនិយាយ អំពីប្រធានបទជាច្រើន»។ នាយករដ្ឋមន្ត្រី Modi អះអាងថា «យើងបានពិភាក្សា អំពីរឿងជាច្រើន រួមទាំង លំហអាកាស បច្ចេកវិទ្យា និងការច្នៃប្រឌិត ជាដើម»។
លោកស្រី Shivon Zillis ត្រូវបានដឹងថា ជានាយកប្រតិបត្តិ នៅក្រុមហ៊ុន Neuralink ដែលចាប់ផ្តើមបង្កើត បច្ចេកវិទ្យាខួរក្បាល ក្នុងឆ្នាំ២០២១។ ពួកគេមានកូនភ្លោះ ពីរនាក់ និងកូនម្នាក់ទៀត សរុបបីនាក់។
យោងតាមរបាយការណ៍ បានឱ្យដឹងដែរថា លោក Musk ដែលជាបុរសមានជាងគេបំផុត នៅលើពិភពលោក រូបនេះ បានបង្កើតកូន សរុប១២នាក់ ជាមួយនឹងនារី បីនាក់៕
ប្រភពពី ndtv ប្រែសម្រួល៖ សារ៉ាត