ឯកឧត្តម ខូវ ឆាយ ៖ ប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ជាការផលិតធនធានថ្នាលយុវជន យុវនារី អាយុក្រោម ១៨ឆ្នាំ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង គឺជាការផលិតធនធានថ្នាលយុវជន យុវនារីអាយុក្រោម ១៨ឆ្នាំ ដើម្បីពង្រឹងគុណភាពបន្តវេនឱ្យកាន់តែសម្បូរបែប និងគុណភាព ក្នុងបំណងឆ្លើយតបនឹងការរីកចម្រើននៃក្បាច់គុនអត្តសញ្ញាណជាតិ ដែលកំពុងរីកចម្រើនជាលំដាប់។

នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លើកឡើងទៀតថា នេះជារឿងដ៏មានសារៈសំខាន់ ដែលយើងទាំងអស់គ្នាត្រូវតែពង្រឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនូវការបណ្តុះបណ្តាលថ្នាលយុវជនគុនខ្មែររបស់យើង ដោយសារតែការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺកំពុងផ្តោតខ្លាំងលើការអភិវឌ្ឍថ្នាលយុវជននេះឯង។ ប្រសិនបើយើងមិនពង្រឹងលើផ្នែកថ្នាលយុវជនគុនខ្មែរនោះទេ នោះក្នុងពេលអនាគតដ៏ខ្លីខាងមុខ គុណភាពប្រដាល់គុនខ្មែរនឹងធ្លាក់ចុះ ពីព្រោះថា ការវិវឌ្ឍរបស់កីឡាករ កីឡាការិនីកម្រិតខ្ពស់ចេះតែវិវឌ្ឍទៅមុខ។ ដូច្នេះមិនប្រាកដថា គុណផលបច្ចេកទេសរបស់ពួកគាត់នៅតែអាចរក្សាបានល្អរហូតនោះដែរ។ ដូច្នេះ យើងត្រូវតែមានរលកក្រោយរុញច្រាញរលកមុខ ដែលកំពុងធ្វើដំណើរទៅមុខ»។

តាមរយៈផែនការយុទ្ធសាស្ត្រ នៅក្នុងអាណត្តិថ្មីទី៨របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់ឆ្នាំ២០២៥-២០២៩នេះ ត្រូវបានឯកឧត្តម ខូវ ឆាយ បានអះអាងថា សហព័ន្ធកំពុងផ្តោតសំខាន់លើការអភិវឌ្ឍធនធានថ្នាលឱ្យបានខ្លាំងក្លា នៅតាមបណ្តាក្លឹប-សមាគមរាជធានីខេត្ត និងក្រសួងស្ថាប័នទាំងអស់ ក្រោមចំណុះរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យមានការបណ្តុះបណ្តាលថ្នាលគុនខ្មែរឱ្យបានកាន់តែច្រើន។

«សហព័ន្ធនឹងចេញគោលការណ៍ថ្មីមួយ គឺគ្រប់បណ្តាក្លឹប-សមាគមប្រដាល់គុនខ្មែរទាំងអស់ត្រូវតែមានថ្នាលយុវជន ដោយឧទាហរណ៍ថា ក្នុង១ក្លឹបត្រូវមានថ្នាល ដែលចាកីឡាករ ឬកីឡាការិនីវ័យក្មេងៗ ៥នាក់ជាដើម ហើយសហព័ន្ធនឹងមានថវិកាឧត្ថម្ភ ដើម្បីជាការលើកទឹកចិត្ត។

ប្រសិនបើក្នុងមួយក្លឹបមានថ្នាល ៥នាក់ នោះ ១៥០ក្លឹប ស្មើនឹង ១៥០នាក់ហើយ។ ដូច្នេះក្នុងចំនួនជិត ១០០០នាក់នេះ ក្នុងពេលអនាគត កម្ពុជានឹងមានធនធានប្រកបដោយគុណភាពខ្ពស់ៗយ៉ាងហោចណាស់ ក៏៣០% ស្មើនឹងចំនួនប្រមាណ ៣០០នាក់ដែរ។ ពេលនោះ យើងក៏អាចផ្គត់ផ្គង់ដល់ទីផ្សារប្រកួតក្នុងស្រុកកំពុងរីកចម្រើនខ្លាំង និងអាចចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិផងដែរ»។

ឯកឧត្តមប្រធានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ដែលតែងតែឧបត្ថម្ភគាំទ្រកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ និងប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាជាតិ ក៏ដូចជាផែនការគាំទ្រដល់ដំណើរការនាំកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរចេញទៅប្រកួតផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរមួយនេះនៅក្រៅប្រទេសជាច្រើនទៀតផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ គ្រោងធ្វើពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ចំណុចរង្វង់មូល ព្រះគោព្រះកែវ ផ្លូវជាតិលេខ៥) ដោយសហព័ន្ធបានរៀបចំវិញ្ញាសាសរុបចំនួន ១៩ប្រភេទទម្ងន់ ក្នុងនោះនារីមាន ៨ប្រភេទទម្ងន់៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner