ពលករខ្មែរ នៅកូរ៉េ លើកប៉ាដាមិនធ្វើបាតុកម្មតាមការញុះញង់នៅលើទឹកដីបរទេសព្រោះមិនចង់បាត់បង់កិត្តិយសជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកប៉ាដាប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការប្រកាសញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់នោះទេ ព្រោះមិនចង់បាត់បង់កិត្តិយសជាតិនៅលើឆាកអន្តរជាតិ ដោយពួកគេបានបង្ហាញភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
លោក ញ៉ ឧត្តម ពលករខ្មែរម្នាក់ ក្នុងចំណោមពលកររាប់រយនាក់ផ្សេងទៀតនិយាយថា៖«ខ្ញុំមិនចូលរួមបាតុកម្មទេ ហើយខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ពួកខ្ញុំជាពលករនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការចចារបញ្ហាទឹកដីជាមួយប្រទេសជិតខាង»។
លោកបន្ដថា៖«ខ្មែរនៅទីណាក៏ដោយ ទោះគំនិតមិនដូចគ្នាក៏ដោយក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេ នាំគេមើលងាយនោះទេ។ បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ បាតុកម្មគឺតែងនាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ សូមបងប្អូនកុំទៅចូលរួមបាតុកម្មរៀបចំដោយក្រុមប្រឆាំងឱ្យសោះ»។
ពលករខ្មែររូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។
ក្នុងនាមជាពលរដ្ឋខ្មែរលោកមានភាពជឿជាក់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ។
លោក យាន ធារ៉ា ពលរដ្ឋរស់នៅសាធារណរដ្ឋកូរ៉េបាននិយាយថា ៖«សូមកុំជឿតាមការអុជអាលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ មានតែខ្មែរដែលមានខួរបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត ខណៈដែលប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល»។
លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចាគ្នានៅឡើយ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។
គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលខ្មៅងងឹតរបស់ពួកគេបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា៕


ដោយ ង៉ាន់ ទិត្យ