Gaza ទទួលស្បៀង៧,២០០តោន មុនខែរ៉ាម៉ាដន
បរទេស ៖ មុនពេលមកដល់នៃខែ Ramadan នៃបុណ្យសាសនាឥស្លាម ក្បួនរថយន្តជំនួយមនុស្សធម៌ដ៏ធំ ដែលមានឡានដឹកទំនិញ ៤៥៧គ្រឿង ផ្ទុកដោយស្បៀងអាហារ ជាង៧,២០០តោន, សម្ភារៈ និង វេជ្ជសាស្រ្ត ជាច្រើនទៀត បានចាកចេញពីរដ្ឋធានី របស់ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់តំបន់ ហ្គាហ្សា ស្ទ្រីប កាលពីថ្ងៃអាទិត្យ។
លោក Hesham Khalifa អ្នកគ្រប់គ្រងគម្រោង នៅមូលនិធិ Tahya Misr មានប្រសាសន៍ថា «នេះគឺជាក្បួនជំនួយមនុស្សធម៌ ដ៏ធំបំផុត ដែលយើងបានបញ្ជូន ទៅកាន់បងប្អូនរបស់យើងនៅហ្គាហ្សា»។ លោកបានបញ្ជាក់ទៀតថា ក្បួនធំបែបនេះ នឹងមានដំណាក់ កាលទីពីរ និងទីបី បន្ថែមទៀត។
ការបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់តំបន់កំពុងហែកហួរដោយសង្គ្រាមនេះ បានកើតមានឡើង មុនពេលការមកដល់ នៃ ខែដ៏ពិសិដ្ឋ Ramadan ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃទី១ ខែមីនា។
នៅក្នុងខែមករា មូលនិធិ Zakat និង Charity House របស់អេហ្ស៊ីប បានផ្តើមបញ្ជូនក្បួនជំនួយមនុស្សធម៌ដ៏ធំមួយ ជាមួយនឹងរថយន្តចំនួន ៣០៥គ្រឿង ដែលដឹកជំនួយជាង ៤,២០០តោន ព្រមទាំង រថយន្តសង្គ្រោះចំនួន ១១គ្រឿង ទៅកាន់តំបន់ Gaza Strip ផងដែរ នេះបើតាមគេហទំព័រ របស់រដ្ឋាភិបាលប្រទេសអេហ្ស៊ីប៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត