វេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត
(ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដែលបានចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះបង្កើតឡើងសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗគ្នាលើវិស័យកសិកម្ម ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញអង្គពិធីទាំងមូល ចូលរួមកំសាន្តសប្បាយនូវបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរ ទទួលទាននូវរសជាតិម្ហូបអាហាររបស់ខ្មែរ និងចូលរួមទស្សនាប្រាសាទអង្គរវត្ត ដែលជាទឹកដីអច្ឆរិយៈ កម្ពុជា ជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យដំណើរទស្សនកិច្ចថ្នាក់តំបន់ក្នុងប្រទេសកម្ពុជានេះ ជាអនុស្សវរីយ៍មួយដ៏ល្អ និងចងចាំគ្រប់ពេលវេលាពីប្រទេសកម្ពុជា ៕
ប្រភព ៖ ក្រសួងកសិកម្ម

