តំបន់ទេសចរណ៍ខ្នងព្រះ ជួយឱ្យពលរដ្ឋសហគមន៍រកចំណូល និងជួយការពារធនធានធម្មជាតិកាន់តែប្រសើរ
(ភ្នំពេញ)៖ចាប់ពីព្រឹកព្រលឹមស្រាងៗដែលពន្លឺព្រះអាទិត្យ ពុំទាន់រះ អណ្តែតបង្ហាញពន្លឺចេញពីផែនពសុភាផង នោះ ក្រុមអ្នកនាំផ្លូវបាននាំគ្នាម្នីម្នា និងរួមទាំងអ្នកទេសចរបែបផ្សង ព្រេង ផងបានជួបជុំគ្នាដើម្បីធ្វើដំណើរទៅកាន់ លើ តំបន់ទេស ចរណ៍ ដ៏ មាន សក្តានុពល នៃ ទឹកដី វាលវែង នៃ ខេត្ត ពោធិ៍សាត់ នោះគឺភ្នំខ្នងព្រះ។

មគ្គុទេសក៍នាំផ្លូវដែលជាអ្នកស្រុកគឺពួកគាត់មានគ្នា ប្រមាណ ២ទៅ៣នាក់តែងដាក់វេនគ្នានាំភ្ញៀវទេសចរទៅកម្សាន្តលើភ្នំខ្នងព្រះ ដែលជាមុខរបរថ្មីមួយកំពុងត្រូវបាន ពលរដ្ឋនៅតំបន់ នេះយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាមុខរបរមួយផ្តល់នូវប្រាក់កម្រៃកាន់តែប្រសើរឡើងរបស់ពួកគាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។

គួរបញ្ជាក់ថា ខ្នងព្រះ គឺជាតំបន់អេកូរទេសចរណ៍ធម្មជាតិមួយដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសនៃជួរភ្នំក្រវ៉ាញក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាមួយដំណើរ ទៅលើខ្នងភ្នំ ដែលអ្នកទេសចរត្រូវដើរថ្មើរជើង ប្រមាណ៨គីឡូម៉ែត្រដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និងឡើងចំណោតភ្នំជាច្រើនកន្លែង។តាមដងផ្លូវដ៏វែងឆ្ងាយ ភ្ញៀវទេសចរអាចទស្សនាព្រៃព្រឹក្សាផ្កាព្រៃរុក្ខជាតិប្លែកៗជាច្រើនប្រភេទ។បន្ថែមលើនោះពេលព្រឹកអ្នកទេសចរ អាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើងអាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីគេងនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ។

តាមរយៈទេសចរណ៍ធម្មជាតិនេះដែរគឺបានកែប្រែជីវភាពប្រជាសហគមន៍ដែលធ្លាប់តែចូលព្រៃកាប់ព្រៃឈើ ចាប់សត្វព្រៃ ឬ អ្នកខ្លះដើរបេះផ្កាព្រៃ និងកេសរកូល(អ័រគីដេ) បានផ្លាស់ប្តូរត្រឡប់មកជ្រើសរើសលើការបម្រើសេវាទេសចរណ៍វិញ ដែលជាមុខរបរផ្តល់នូវប្រាក់ចំណូលរឹងមាំសម្រាប់ក្រុមគ្រួសារពួកគាត់ទៀតផង។
លោកលោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ថា តាមរយៈទេសចរណ៍ធម្មជាតិនេះបានជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍។កាលពីមុននេះលោកគឺជាអ្នកដើរបេះផ្កាកេសរកូល ក្នុងព្រៃដើម្បីលក់ទៅឱ្យឈ្មួញថៃ និងរកសត្វព្រៃមួយចំនួន តែបច្ចុប្បន្នដោយសារមានសេវា ទេសចរណ៍ លោក និងអ្នកភូមិដទៃទៀតបានបោះបង់មុខរបរមុននេះចោល ហើយមកប្រកាន់មុខរបរសេវានាំភ្ញៀវទៅលើខ្នងភ្នំព្រះ។
សម្រាប់សេវានាំភ្ញៀវទេសចរនេះរយៈពេលមួយថ្ងៃលោកអាចរកបានចំនួន៨ម៉ឺនរៀល និងរួមផ្សំធ្វើម្ហូបជូនភ្ញៀវទេសចរផងមួយថ្ងៃអាចរកបានជាង១០ម៉ឺនរៀលទៀតផង។
បុរសរូបនេះបានប្រាប់ថាមុខរបរថ្មីផ្តល់ប្រាក់ចំណូលខ្ពស់ នាំឱ្យជីវភាពមានលំនឹង មិនដូចកាលពីមុនដើរបេះបោចកេសរកូល ទៅលក់ឱ្យឈ្មួញថៃដែលគិតមកដល់ពេលនេះ លោកសោកស្តាយយ៉ាងខ្លាំងផ្កាកេសរកូលកម្ពុជា។
ពេលនេះផ្កាកេសរកូលនៅតំបន់នេះមានការថយចុះ ហើយដែលចាំបាច់លោក និងពលរដ្ឋដទៃទៀតរួមគ្នាអភិរក្សឡើងវិញ។
បុរសដែលផ្លាស់ប្តូរមុខរបរធ្លាប់តែដើរបេះផ្កាសម្រាប់លក់ និងបរបាញ់សត្វរូបនេះបា្រប់ដែរថាតំបន់ខ្នងព្រះសម្បូរសក្តានុពល ពិសេសផ្កា មានច្រើនដែលអ្នកទេសចរអាចទស្សនាមិនចេះជិនណាយ។ក្រៅពីនេះក៏មានសត្វ ទេសភាពស្រស់ស្អាតឱ្យទស្សនាមិនចេះនឿយហត់ មកហើយចង់មកទៀត។
លោក ប៊ុន សម្បត្តិ មន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ប្រចាំនៅទីស្នាក់ការអូរជាំស្លា នៅដែនជម្រកសត្វព្រៃភ្នំសំកុសបានឱ្យដឹងថា៖នៅតំបន់ខ្នងភ្នំព្រះសម្បូរទៅដោយសត្វព្រៃ ព្រៃព្រឹក្សា ផ្កាព្រៃដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរឱ្យទស្សនា។ព្រមជាមួយគ្នាធនធានធម្មជាតិទាំងនេះនាពេលបច្ចុប្បន្នបានកំពុងអភិរក្សយ៉ាងរឹងមាំសម្រាប់បម្រើលើវិស័យទេសចរណ៍សហគមន៍។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងបន្ថែមថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
គួរបញ្ជាក់ថាទេសចរណ៍ធម្មជាតិជួយទប់ស្កាត់ការកាប់ព្រៃឈើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមOB
