ផ្ទះចំនួន១០០ខ្នង អំណោយសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ជូនដល់អតីតយុទ្ធជន រស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងពិធីប្រគល់ផ្ទះថ្មីចំនួន១០០ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា នៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ផ្ទះនិងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកចំនួន ១៤១គ្រួសាររួចមកហើយ។ដោយឡែកថ្ងៃនេះបងប្អូនអតីតយុទ្ធជន ចំនួន១០០គ្រួសារ មានភព្វសំណាងទទួលបានផ្ទះថ្មី១០០ខ្នងផ្ទះបន្ថែមទៀត ពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់អតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងខេត្តកំពង់ធំ ក្នុងនោះមាន ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារអតីតយុទ្ធជនរួចហើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ក្នុងឱកាសនេះបានថ្លែងនូវការអរគុណសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ និងលោកអ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស។ឯកឧត្តមក៏បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មី សូមថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពរស់នៅថ្មីឱ្យបានល្អប្រសើរ ។

នៅក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភថវិកាចំនួន៨០ លានរៀល ចូលរួមក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ៕
ដោយ៖ប៊ុន រដ្ឋា

