ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមគាំទ្រ និង ចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការគាំទ្រ និងសូមចូលរួមអនុវត្តយ៉ាងពេញលេញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យស្ថាប័នរដ្ឋ ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ តាមរយៈការដាក់ចេញនូវវិធានគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់បន្ថេមថា ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំចូលរួមអនុវត្តវិធានការគន្លឹះទាំង៣ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន៖ ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ក្រុមការងារបច្ចេកទេសពិនិត្យឡើងវិញ និងវិភាគមុខងារនិងរចនាសម្ព័ន្ធ, ក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។

ការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ ។
សូមជម្រាបថា សិក្ខាសាលា ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕



ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា