Trump ថា រុស្ស៊ីមិនមែនជាការគំរាមកំហែងដល់អង្គការ NATO ទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអះអាងរបស់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលថា លោក ពូទីន ចង់ផ្អាកជម្លោះជាមួយអ៊ុយក្រែនជាបណ្តោះអាសន្ន ដើម្បីប្រមូលផ្តុំឡើងវិញ និងចាប់ផ្តើមសង្រ្គាមពេញលេញប្រឆាំង
អង្គការណាតូ។
លោក ហ្សេលេនស្គី បាននិយាយថា លោកដឹងប្រាកដថា លោក ពូទីន ចង់ផ្អាកជម្លោះមួយរយៈសិន ដើម្បីរៀបចំហ្វឹកហាត់កងទ័ព និងដកទណ្ឌកម្មមួយចំនួន មុនពេលចាប់ផ្តើមការវាយប្រហារមិនត្រឹមតែលើអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងលើរដ្ឋសមាជិកអង្គការណាតូផងដែរ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Meet the Press នៃទូរទស្សន៍ NBC News កាលពីថ្ងៃសៅរ៍ថា រឿងនេះអាចកើតឡើងក្នុងរដូវក្តៅ… ប្រហែលនៅដើម ដំបូង ឬក៏ប្រហែលជាចុងរដូវក្តៅ។ ខ្ញុំមិនដឹងថា ពេលណាលោក ពូទីន រៀបចំវាទេ ប៉ុន្តែវានឹងកើតឡើង។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានច្រានចោលការព្រមានបែបនេះរបស់លោក ហ្សេលេនស្គី ដោយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា លោកមិនយល់ស្របនឹងការវាយតម្លៃរបស់មេដឹកនាំអ៊ុយក្រែនទាល់តែសោះ។
លោក ត្រាំ បាននិយាយយ៉ាងដូច្នេះថា ទេ ខ្ញុំមិនយល់ស្របទេ… មិនសូម្បីតែបន្តិច… តែលោកជឿជាក់ថា អ្វីដែលលោក ពូទីន ពិតជាចង់បាន សម្រាប់ប្រទេសរបស់លោក នោះគឺបញ្ឈប់ការប្រយុទ្ធគ្នា៕



ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា