សហជីពធំៗនៅកម្ពុជា គាំទ្រពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ យ៉ាងពេញទំហឹងចំពោះការប្ដេជ្ញាចិត្តមិនចូលរួមធ្វើបាតុកម្មជាមួយក្រុមជ្រុលនិយមក្រៅច្បាប់

(ភ្នំពេញ)៖ សហជីពធំៗដែលមានឥទ្ធិពលនៅកម្ពុជា បាន​ប្រកាស​គាំទ្រពេញទំហឹងចំពោះប្រជាពលរដ្ឋ សិស្សនិស្សិត និងពលករខ្មែរកំពុងស្នាក់នៅសាធារណរដ្ឋកូរ៉េ ដែលបានប្ដេជ្ញា​ចិត្តមិនចូលរួមបាតុកម្មជាមួយក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ខណៈពួកគេបានថ្កោល​ទោសអ្នកផ្ដួចផ្ដើមបាតុកម្មទាំងអស់នោះ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា​៖ «ខ្ញុំពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់បងប្អូន និងក្មួយៗ​ដែល​កំពុង​ស្នាក់នៅ ឬក៏ធ្វើការងារជាពលករនៅ​សាធារណរដ្ឋ​កូរ៉េ ដែលមិនចូលរួមពាក់ព័ន្ធបាតុកម្មជាមួយក្រុម​ជ្រុលនិយម​ទាំងនោះ ព្រោះបាតុកម្មមិនមែនជាដំណោះស្រាយ ហើយ​តែង​នាំឱ្យខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»។

លោកបន្តថា៖«សូមបងប្អូនកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលបានញុះញង់ ហើយខ្ញុំគាំទ្រពេញទំហឹងតែម្ដងចំពោះបងប្អូន យើងកុំ​ទៅចូល​រួមធ្វើបាតុកម្ម ព្រោះបាតុកម្មមិនមែនជាជម្រើសដែលធ្វើឱ្យ​ស្រុកទេសយើងរីកចំរើននោះទេ គឺមានការជួយគ្នា ដើម្បី​អភិវឌ្ឍ​ស្រុកទេសយើង»។

លោក អ៊ុន ដារ៉ា បន្ថែមថា បាតុកម្មធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់​ស្រុកទេសរបស់គេ និងខូចទាំងឈ្មោះជាជាតិខ្មែរនៅលើ​ឆាក​អន្តរជាតិ។ ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរឈប់ចាញ់​ឧបាយ​កល​បោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករ​កម្ពុជា​​បានថ្លែងថា ៖ «ខ្ញុំគាំទ្រចំពោះការប្ដេជ្ញាចិត្ត​របស់បងប្អូន​ខ្មែរយើងនៅកូរ៉េ ដែលពួកគាត់តាំងចិត្តខ្ពស់មិនចូលរួមបាតុ​កម្មជាមួយក្រុមជ្រុលនិយមទាំងនោះ ព្រោះបាតុកម្ម មិនមែន​ជាដំណោះស្រាយទេ ហើយនាំឱ្យខាតបង់ពេលវេលា លុយ​កាក់ កិត្តិយសខ្លួនឯង និងសង្គមជាតិយើងនៅបរទេស​ទៅវិញ​ទេ» ។

លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជ​អាល​ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជា​ប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ ពួកគេមាន​ចេតនា​នាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុ​ជីវិត​ប្រជាជន បាត់បង់ទឹកដីកាន់តែច្រើនថែមទៀត និងបំផ្លាញ​សេដ្ឋកិច្ចទាំងស្រុង។

ចំណែកលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករ​កម្ពុជា​បានថ្លែងថា៖«ក្រុមជ្រុលនិយមនៅតែប្រើលេសទាមទារ​កោះគុតទាំងងងឹតងងុល ហើយមានតែខ្មែរដែលមាននិន្នាការ​បម្រើបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការ​អន្តរជាតិ​លើករណីកោះគុត។ ដូចដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗហើយ គឺប្រទេសយើងទាំងពីរកំពុងតែធ្វើ​ការ​ជា​មួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល»។

ក្នុងនាមលោកជាពលរដ្ឋខ្មែរ លោកបានបង្ហាញពីភាពជឿ​ជាក់ខ្ពស់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរ​ចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃ ដោយមិនចាំបាច់ប្តឹង​ទៅ​តុលា​ការអន្ដរជាតិនោះទេ ហើយចៀសវាងការដុតបញ្ឆេះ​ពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយ​ប្រទេស​ជិតខាង។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបាន​ថ្លែងថា៖​«ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋកុំលង់​ក្នុងឧបាយកល​របស់ជនក្បត់ជាតិនេះ ព្រោះពួកគេបោកប្រាស់បងប្អូន ហើយអ្នកដែលរងគ្រោះយកជីវិតទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូន»។

លោកបន្តថា ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីរៃអង្គាស់​ប្រាក់​ពីបងប្អូនបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការ​បាតុ​កម្ម​នៅលើទឹកដីបរទេស គឺជាចេតនាបំផ្លាញកិត្តិយស​ជា​តិ​នៅ​លើឆាកអន្តរជាតិដែលមិនអាចចាត់ទុកជាយុវជន ឬពល​រដ្ឋជាអ្នកស្នេហាជាតិបានទេ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner