ប្រធានាធិបតីអាហ្សង់ទីនត្រូវបានប្តឹង ជុំវិញលុយឌីជីថល
បរទេស ៖ ក្រុមមេធាវី នៅប្រទេសអាហ្សង់ទីន បានប្តឹងទៅតុលាការព្រហ្មទណ្ឌ ចោទប្រកាន់ ប្រធានាធិបតី លោក Javier Milei ពីបទក្លែងបន្លំ ជុំវិញលុយឌីជីថល ដោយបានបោកប្រាស់ អាជីវកម្មខ្នាតតូច និង អាជីវកម្មទើបចាប់ផ្តើម ឬ Start Up។
ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា លោក ប្រធានាធិបតីអាហ្សង់ទីន កំពុងប្រឈមមុខនឹងការកោះហៅ និងរងការចាត់វិធានការផ្លូវច្បាប់ ដោយចោទប្រកាន់លោក បន្ទាប់ពីបានផ្សព្វផ្សាយរូបិយប័ណ្ណឌីជីថល $LIBRA នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីសប្តាហ៍មុន។ ពេលនោះ លោកសន្យាថា
ថា នឹងជួយផ្តល់មូលនិធិ ដល់អាជីវកម្មទាំងនោះ ជាមួយនឹងកាក់ ឌីជីថល នេះ។ លោកប្រធានាធិបតី បានចែករំលែកតំណភ្ជាប់ ដើម្បីទិញកាក់ $LIBRA ដែលបណ្តាលឱ្យតម្លៃរបស់លុយឌីជីថលនេះ កើនឡើងខ្លាំង។ ប៉ុន្តែ ក្នុងរយៈពេលពីរបីម៉ោង លោក បានលុបការបង្ហោះរបស់លោកវិញ។ ក្រោយមក ក្រុម
សមាជិកសភាបក្សប្រឆាំងក៏ប្រកាសពីផែនការ ចាប់ផ្តើមដំណើរការ ចោទប្រកាន់លោក Milei។ មេធាវីក៏ផ្តើមដាក់ពាក្យបណ្តឹង កាលពីថ្ងៃអាទិត្យ ហើយ មនុស្សនៅលើអ៊ីនធឺណិត ក៏បានរិះគន់ លោក Milei និងជំរុញឲ្យបញ្ឈប់សកម្មភាពជួញដូរ។
លោកមេធាវី Jonatan Baldiviezo ជាដើមបណ្តឹងម្នាក់ ដែលបានដាក់ពាក្យបណ្តឹង តាមផ្លូវច្បាប់ បានប្រាប់សារព័ត៌មាន Associated Press ថា «ការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្ម នៃការក្លែងបន្លំ ត្រូវបានប្រព្រឹត្ត ដោយប្រធានាធិបតី គឺចាំបាច់» ។
យ៉ាងណាមិញ ការិយាល័យប្រធានាធិបតី អាហ្សង់ទីន បាននិយាយថា
លោក Milei មិនពាក់ព័ន្ធនឹង cryptocurrency នោះទេ ប៉ុន្តែ អះអាងថា ការិយាល័យប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល នឹងស៊ើបអង្កេត និងកំណត់ថា តើនរណាម្នាក់បានប្រព្រឹត្តមិនត្រឹមត្រូវ រួមទាំង ប្រធានាធិបតីខ្លួនឯង ផងដែរ។ ប្រភពបន្តថា ការសម្រេចចិត្តលុបការបង្ហោះនេះវិញ បន្ទាប់ពីមានប្រតិកម្មជាសាធារណៈ ចំពោះការចាប់ផ្តើមនៃរូបិយប័ណ្ណគ្រីបតូ។
អតីតប្រធានាធិបតី លោកស្រី Cristina Fernández de Kirchner បានហៅលោក Milei ថា ជា «អ្នកបោកប្រាស់គ្រីបតូ» ដោយបានបង្ហោះ ទាក់ទាញអ្នកមើល ៦.៤លានដង។ សម្ព័ន្ធប្រឆាំងដ៏សំខាន់របស់ប្រទេស បាននិយាយថា ខ្លួននឹងដាក់សំណើ ដើម្បីចោទប្រកាន់ប្រធានាធិបតី ដោយចាត់ទុកថា «ជារឿងអាស្រូវ ដែលមិនធ្លាប់មានពីមុនមក»៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត