ឯកឧត្តម ខូវ ឆាយ៖ ជើងឯកថ្នាក់ជាតិគុនខ្មែរផ្តោតសំខាន់លើ​គោលបំណង៣សំខាន់ៗលើជំហានអភិវឌ្ឍន៍គុនខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(កំពង់ឆ្នាំង)៖ ការប្រកួតប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ​ឆ្នាំ២០២៤ រៀបចំឡើងផ្តោតលើគោលបំណងសំខាន់ៗ​ចំនួន​៣ រួមមាន៖ ទី១.ផ្តល់ឱកាសដល់យុវជន សិស្សានុសិស្ស បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសកីឡាករ កីឡា​ការិនីគុនខ្មែរថ្នាលដែលមានទេពកោសល្យ ចូលរួមប្រកួត​តំណាងជាតិ ក៏ដូចជាបង្កើនចំនួនកីឡាករ កីឡាការិនីឆ្នើម ឱ្យកាន់តែច្រើនបន្ថែមទៀត។

ទី២.ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសសហព័ន្ធកីឡាជាតិ បានអនុវត្តការងារជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍បច្ចេកទេសជំនាញកាន់តែល្អប្រសើរ។ ទី៣.លើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតអន្តរជាតិនានា។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ ប្រធាន​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពិធីបើកការប្រកួតប្រដាល់​គុនខ្មែរ​ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នាល្ងាចថ្ងៃទី ១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រធានសហព័ន្ធ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួត​ថ្នាក់​ជាតិ​មួយនេះ គឺផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងបានការអនុញ្ញាតជា​គោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា ក្រសួងអប់រំ យុវជន និងកីឡាថ្លែងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើស​ជើងឯកថ្នាក់ជាតិនេះ បានបង្ហាញឱ្យឃើញពីសន្ទុះចូលរួម​យ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋាន គាំទ្រកីឡាអត្តសញ្ញាណជាតិ​របស់យើង ដែលកំពុងមានប្រជាប្រិយភាព និងរីកចម្រើន​គួរជា​ទីមោទននាពេលបច្ចុប្បន្ន និងជាបុព្វសិទ្ធស្របច្បាប់ផ្តាច់​មុខ​របស់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍ប្រកួត​បែបនេះរៀងរាល់ឆ្នាំ។

ឯកឧត្តម អគ្គនាយកកីឡាគូសបញ្ជាក់ទៀតថា តាមរយៈកិច្ច​គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាប្រដាល់​គុនខ្មែរ ក្រោមការជួយឧបត្ថម្ភពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឯ.ក បានរៀបចំឱ្យមាន ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ គឺជាការបោះជំហានថ្មីមួយទៀត ផ្តល់ឱកាស​ឱ្យ​គ្រប់សមាគម ក្លឹបទូទំាងប្រទេស អាចបញ្ជូនយុវកីឡាថ្នាល ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ធំៗ ដែលនេះគឺជាយុទ្ធនា​ការ​កសាងធនធានមនុស្សនៅកម្រិតមូលដ្ឋាន ដើម្បីបន្តនិរន្តរ​ភាព និងរក្សាបានគុណផលកីឡា ធ្វើឱ្យប្រដាល់គុនខ្មែរ នៅតែ​ជាកីឡាសក្តានុពល និងឈានមុខនៅកម្ពុជា ក្នុងការប្រកួត​កម្រិត​អន្តរជាតិ។

ឯកឧត្តម ប៉ុន សុខ បានលើកឡើងទៀតថា ជាការពិត ការប្រ​កួតនេះ ផ្អែកតាមបេសកកម្ម និងផែនការសកម្មភាពរបស់​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីបំផុសគំនិតយុវជន មហា​ជន សិស្សានុសិស្សឱ្យស្រឡាញ់ ចូលចិត្ត និងលេងកីឡា​ប្រ​ដាល់ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ស្រប​តាមយុទ្ធនាការអប់រំ “ប្រជាជនម្នាក់ លេងកីឡាមួយ​មុខយ៉ាង​តិចប្រចាំជីវិត” និងបានផ្តល់លទ្ធភាពឱ្យអត្តពលិក​ប្រដាល់គុនខ្មែរវ័យក្មេង បានបញ្ចេញទេពកោសល្យ ពង្រឹង​បច្ចេកទេសដែលបានហ្វឹកហាត់កន្លងមក ធ្វើយ៉ាងណាសំដៅ​ឱ្យការប្រកួតប្រជែងឈរលើស្មារតីកីឡា គោរពវិន័យ និង​បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ល្អ ដោយយើងចាប់ផ្តើមពីកម្រិតថ្នាល់នេះផ្ទាល់តែម្តង។

ជាងនេះទៀត ការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ គឺជា​ការ​អនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្រ្តរបស់​សហព័ន្ធ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍​អន្តរជាតិនានា ទាំងក្នុងប្រទេស និងជុំវិញពិភពលោក។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ជើងឯកថ្នាក់ជាតិនេះ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្តចូល​រួមសរុបចំនួន១៥ ដោយមានកីឡាករ ១០៦នាក់ និងកីឡាកា​រិនី ៣៣នាក់ សរុប ១៣៩នាក់ ប្រកួតលើ ១៩វិញ្ញាសាក្រោម​អាយុ១៨ឆ្នាំ ក្នុងនោះមានផ្នែកនារី ៨វិញ្ញាសា ដោយមានមេ​ដាយ សរុបចំនួន ៧៦ គ្រឿង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner